Register Already an agent ? Login

ទូតគុយបាសន្យាចំពោះ លោក ថោង ខុន នឹងជំរុញឱ្យមានទេសចរ និងវិនិយោគិនមកកម្ពុជាបន្ថែម ក្រោយវិបត្តិ ជំងឺCovid-19 ត្រូវបានកម្ចាត់អស់

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍ ក៏ជាវិស័យសំខាន់មួយ ដែលនៅតែបន្តការរីកចម្រើន និងចូលរួមជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ។

ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនិងការភ័យខ្លាចការឆ្លងជំងឺ Covid-19។ ជាកាលើឡើង របស់ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពិថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកស្រី ទូត បានសន្យាថា នៅពេលវិបត្តិជំងឺ Covid-19 ត្រូវបានកម្ចាត់ចេញពីពិភពលោក សាធារណរដ្ឋគុយបានឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត។ លោកស្រី បានបញ្ជាក់ថា ភាគីគុយបានៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ លោក ថោង ខុន ក៏បានស្នើទៅកាន់លោកស្រី ឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអេស្ប៉ាញរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋនៅប្រទេសនានាក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយភាសាអេស្ប៉ាញ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថា កម្ពុជាក៏ទទួលបានភ្ញៀវទេសចរនិយាយភាសាអេស្ប៉ាញយ៉ាងច្រើនផងដែរ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៩ កន្លងទៅ។ លោក បាន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរសម្រេចបានកន្លងមក។

សូមរម្លឹកថា កម្ពុជានិងគុយបា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរ គ្រោងនឹងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន៕

ដោយ៖ឌីណា