Register Already an agent ? Login

ក្រសួងសេដ្ឋកិច្ច ប្រកាសលើកលែងពន្ធ ពី៥០ ទៅ១០០% ចំពោះសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្ដីប្រកាស លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំជាប់ពន្ធ ២០២០ ចំពោះសហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរនិងការបូបដៃ និងមួក ដោយផ្អែកលើកម្រិតផលប៉ះពាល់ដូចខាងក្រោម។

លើកលែងពន្ធលើប្រាកចំណូលរយៈពេល ៦ខែ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិតពី ២០ភាគរយ ទៅ ៣៩ភាគរយ ដោយលើកលែងពន្ធប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥០ភាគរយនៃប្រាក់ត្រូវបង់សរុប។ ដូចគ្នានេះដែរ លើកលែងពន្ធប្រាកចំណូលរយៈពេល ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាស ដែលរងផលប៉ះពាល់កម្រិតពី ៤០ភាគរយ ទៅ ១០០ភាគរយ ដោយលើកលែងពន្ធប្រាក់ចំណូលប្រចាំឆ្នាំចំនួន ១០០ភាគរយនៃប្រាក់ត្រូវបង់សរុប។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់នៅក្នុងប្រការ៦ នៃសេចក្ដីប្រកាស ដែលចេញថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា លក្ខណ្ឌដើម្បីទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលដូចមានរៀបរាប់ខាងលើ សហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរនិងការបូបដៃ និងមួក ត្រូវដាក់ជូនរដ្ឋបាលនូវឯកសារបញ្ជាក់អំពីទំហំផលប៉ះពាល់ជាក់ស្ដែងពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ក្នុងអំឡូងពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។

ប្រកាសនេះ មានគោលបំណងដាក់ចេញនូវយន្តការផ្នែកពន្ធដារ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃបញ្ហាប្រឈមលើសហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ។ ជាការបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច  ហើយក៏មានគោលដៅកំណត់នូវវិធានការពន្ធ ក្នុងការផ្ដល់នូវការអនុគ្រោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាស វាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរនិងការបូបដៃ និងមួក ដែលរងផលប៉ះពាល់បណ្ដាលមកពីការព្យួរប្រព័ន្ធងនុគ្រោះពន្ធ (EBA)។

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសហគ្រាសវាយនភណ្ឌ ផលិតសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតការបូបយួរនិងការបូបដៃ និងមួក នៅកម្ពុជាប៉ុណ្ណោះ។ ជាការបញ្ជាក់បន្ថែមទៀតរបស់ ក្រសួងដដែល និងបានកម្រិតនៃផលប៉ះពាល់ជាក់ស្ដែងសម្រាប់វាយតម្លៃ ដើម្បីអនុគ្រោះពន្ធលើប្រាក់ចំណូលត្រូវកំណត់តាមរូបមន្ត គឺ៖ កម្រិតនៃផលប៉ះពាល់ជាក់ស្ដែង លទ្ធផលស្មើនឹង ទំហំនៃការនៃនាំចេញដែលរងផលប៉ះពាល់ ទៅចែកនឹង ទំហំនៃការនាំចេញសរុប ហើយយកទៅគុណនឹង ១០០៕

ដោយ៖ឌីណា