Register Already an agent ? Login

រាជរដ្ឋាភិបាល កំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទឹងត្រែងមានផ្ទៃដីទំហំជាង ១សែនហិកតា ដាក់ក្រោមការគ្រប់គ្រងក្រសួងបរិស្ថាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់និងបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង មានផ្ទៃដីទំហំ ១៣៣ ៧០៧,៧៣ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជា៤តំបន់គ្រប់គ្រង ដាក់ក្រោមការគ្រប់របស់ក្រសួងបរិស្ថាន ដែលបានស្នើសុំ។ នេះបើតាមអនុក្រឹត្យរាជរដ្ឋាភិបាលចេញថ្ងៃទី២៦ ខែកុម្ភៈ នេះ។

អនុក្រឹត្យរាជរដ្ឋាភិបាល ចែងក្នុងមានត្រា ២ បានញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉់ាង។ ជាមួយគ្នានេះ ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសន្តិភាព។ ព្រមទាំងលើកម្ពស់ការចួលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធម្មជាតិ ហើយនិងប្រព័ន្ធអេកូគូស៊ីទន្លេសេកុង និងប្រព័ន្ធធនធានទឹកពាក់ព័ន្ធ។

មាត្រា ៣ ក្នុងអនុក្រឹត្យបានបន្តថា ត្រូវបានបែងចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាងស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ជា៤តំបន់រួមមាន៖ តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ សម្រាប់បម្រើដល់ការងារគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

នៅក្នុងមានត្រាដដែលនេះ បានបញ្ចាក់តំបន់ទាំង៤ខាងលើដូច្នេះ ទី១.តំបន់ស្នូលមានចំនួន ៣ទីតាំង មានផ្ទៃដីសរុបទំហំ ៤០ ៣៦៨,៥៥ហិកតា រួមមានតំបន់ស្នូលទី១ ផ្ទៃដី១៩ ៩៤០,១៥ហិកតា ស្ថិតក្នុងតំបន់ភូមិសាស្រ្តឃុំព្រែកមាស និងឃុំថ្មកែវ តំបន់ស្នូលទី២ ផ្ទៃដី៩ ៥០២,២០ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកមាស និងតំបន់ស្នូលទី៣ ផ្ទៃដី១០ ៩២៦,២០ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំសន្តិភាព នៃស្រុកសៀមប៉ាង។

ទី២.តំបន់អភិរក្ស មានផ្ទៃដីទំហំ៧៦ ៨៨២,៦០ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំព្រែកមាស ឃុំកែវ និងឃុំសន្តិភាព ស្រុកសៀមប៉ាង។ ទី៣.តំបន់ប្រើប្រាស់ដោយចីរភាព មានចំនួន២ ផ្ទៃដីសរុបទំហំ១៤ ១១៥,១០ហិកតា រួមមាន តំបន់ប្រើប្រាស់ដោយចីរភាពទី១ ផ្ទៃដី៨ ១៧៧,៦៧ហិកតា ស្ថិតនៅភូមិសាស្រ្តឃុំព្រែកមាស តំបន់ប្រើប្រាស់ដោយចីរភាពទី២ ស្ថិតនៅភូមិសាស្រ្តឃុំព្រែកមាស ឃុំកែវ ស្រុកសៀមប៉ាង។ និងទី៤.តំបន់សហគមន៍ មានផ្ទៃដីទំហំ២ ៣៤១,៤៨ហិកតា ស្ថិតនៅភូមិសាស្រ្តជុំព្រែកមាស ស្រុកសៀមប៉ាង។

នៅក្នុងអនុក្រឹត្យដដែល មាត្រា៤ បានបញ្ជាក់ទៀតថា តំបន់គ្រប់គ្រងនីមួយៗក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងនេះ អាចត្រូវបានកែប្រែក្នុងករណីចាំបាច់ដោយយោងតាមការសិក្សាស្រាវជ្រាវលើធនធានធម្មជាតិ និងតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ៖ឌីណា