Register Already an agent ? Login

ឆ្នាំ២០១៩ សំណង់នៅកម្ពុជា មានជាង ៤ពាន់គម្រោង ដែលមានផ្ទៃក្រឡាជាង ២៣លានម៉ែត្រការ៉េ ក្នុងតម្លៃទុនវិនិយោគជាង ១១ពាន់លានដុល្លារ

ភ្នំពេញ៖ ទិន្នន័យសំណង់ទូទាំងប្រទេស ឆ្នាំ២០១៩ មានចំនួន ៤ ៨៨៨គម្រោង មានផ្ទៃក្រឡាកម្រាលសរុបចំនួន ២៣ ២៥៧ ៤១៤ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ១១ ៤៣៧ ២៦៧ ១៤៥ដុល្លារ កើនឡើង​៩៨,៧៣​ភាគរយ។ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ៣ ២៩០គម្រោង មានផ្ទៃក្រឡា ១២ ៣៧៨ ១១៩ម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណ ៥ ៧៥៥ ០៧០ ១២០ដុល្លារ។ បើតាមរបាយការណ៍បូកសរុបលទ្ធផលនៃអនុវត្តការងារឆ្នាំ២០១៩របស់ក្រសួងដែនដី។

ក្នុងចំណោមសំណង់ជាង ៤ពាន់គម្រោង មាន​៥០០​គម្រោង ដែលមាន​ផ្ទៃក្រឡាចំនួន ២០ ៣១៨ ៩៧២ម៉ែត្រការ៉េ ក្នុងទំហំវិនិយោគប្រមាណ ១០ ៤៣៣ ១១៣ ៤៤១ដុល្លារ កើនឡើង ៩៨,៤២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ មាន ២៥៧គម្រោង មានផ្ទៃក្រឡាចំនួន១១ ០២៩ ៣៩៩ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ៥ ២៥៨ ១៤៩ ៧០៧ដុល្លារ។ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងដែនដីផ្ទាល់។

រីឯ​សំណង់​ ​៤ ៣៨៨​គម្រោង​ ដែលស្ថិតនៅក្រោម​សមត្ថកិច្ច​រដ្ឋបាល​រាជធានី-ខេត្ត មានផ្ទៃក្រឡាចំនួន ២ ៩៣៨ ៤៤១ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ១ ០០៤ ១៥៣ ៧០៥ដុល្លារ កើនឡើង ១០២,០៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ មានចំនួន ៣ ០៣៣គម្រោង មានផ្ទៃក្រឡា ១ ៣៤៨ ៧២០ម៉ែត្រការ៉េ  ក្នុងទុនវិនិយោគប្រមាណ ៤៩៦ ៩២០ ៥១៣ដុល្លារ។

របាយការណ៍ខាងលើបានឱ្យដឹងថា សំណង់ខ្ពស់ៗចាប់ពី ​៥ជាន់ មានចំនួន ៤៩៧គម្រោង ស្មើនឹង ៥១៣អាគារ (ខេត្តព្រះសីហនុ មានចំនួន ២៤៩អាគារ) ក្នុងនោះ ៥ ជាន់ទៅ៩ជាន់មានចំនួន ២៣៨អាគារ និងពី ១០ជាន់ទៅ១៩ជាន់ មានចំនួន១៦៧អាគារ ពី២០ទៅ២៩ជាន់ មានចំនួន ៦៤អាគារ ហើយនិង ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន ២៩អាគារ ហើយអាគារខ្ពស់ជាងគេពី៤០ជាន់ឡើងទៅ មានចំនួន ១៥អាគារ។

ជាមួយគ្នានេះ សំណង់លំនៅឋានចំនួន ៤ ០៧២គម្រោងមានផ្ទៃក្រឡា ១០ ៦២១ ២១០ម៉ែត្រការ៉េ ក្នុងទុនវិនិយោគ ៤ ៦៣០ ៦១៤ ៤៥២ដុល្លារ ស្មើនឹង ៣៨ ៤៨៨ខ្នង/ចំណែកឯកជន/ល្វែង។ បុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅទូទាំងប្រទេសចំនួន ៥៤គម្រោង ស្មើនឹង ២៥ ២៦៩ខ្នង មានផ្ទៃក្រឡាសំណង់សរុប ៤ ៧៣៤ ២៩៧ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ១ ៦០៤ ៥៨៥ដុល្លារ។ អាគារផ្ទះល្វែងភូមិគ្រឹះទូទាំងប្រទេសមាន ២៩ ៨៦៥ល្វែង/ខ្នង មានផ្ទៃក្រឡាសំណង់ ៥ ៨៤៥ ៦៨៤ម៉ែត្រការ៉េ ទុនវិនិយោគប្រមាណ ២ ០៨៨ ៧២៥ ៨៧២ដុល្លារ។

អាគារស្នាក់នៅរួមមាន ១៧៣គម្រោង ស្មើនឹង ១៧ ៧០៧ចំណេកឯកជន មានផ្ទៃក្រឡាសំណង់ ៣ ៤៥៣ ៤៤៥ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ២ ០៥៧ ៥៣៥ ៩៩៦ដុល្លារ។ សំណង់សណ្ឋាគារនៅទៅទាំងប្រទេសមានចំនួន ៧៣គម្រោង ស្មើនឹង ១ ១៥៨ ១៧៩ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ៦៩៤ ៥៧៨ ៦៦៦ដុល្លារ។ សំណង់អាគារពាណិជ្ជកម្មទូទាំងប្រទេសមានចំនួន ៣៥៧គម្រោង ស្មើនឹង ៧ ៣១៩ ០៧៧ម៉ែត្រការ៉េ ក្នុងទុនវុនិយោគប្រមាណ ៤ ៣០៤ ៥៧៥០៨៣ដុល្លារ។ សំណង់អាគាររោងចក្រនៅទូទាំងប្រទេសមានចំនួន ១៣៧គម្រោង មានផ្ទៃក្រឡា ២ ៩៦៧ ៥០៩ម៉ែត្រការ៉េ ក្នុងទុនវិនិយោគប្រមាណ ១ ២៤១ ០៣២ ៣០៥ដុល្លារ។ សំណង់អាគារពហុមុខងារនៅទូទាំងប្រទេសមានចំនួន ១១៩គម្រោង ស្មើនឹង ៦ ៣៨៦ ០០៣ម៉ែត្រការ៉េ ក្នុងទុនវិនិយោគ ៣ ៧៩៥ ៥៥៩ ០៨៥ដុល្លារ។ បើតាមរបាយការណ៍របស់ក្រសួងដែនដីដដែល។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ២០១៩ ក្រសួង​ដែនដី បានអនុញ្ញាតសាងសង់នៅ​ទាំង​ប្រទេសចំនួន ​៤៨,៤៤៦​គម្រោង មានផ្ទៃក្រឡាសរុបចំនួន ១៣៦ ៦៦០ ០៧០ម៉ែត្រក្រឡា ក្នុងទុនវិនិយោគប្រមាណ ៥៣ ១១៨ ៦៩៤ ១២១ដុល្លារ ក្នុងគម្រោងអាគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ៕

ដោយ៖ឌីណា