Register Already an agent ? Login

លោក ស៊ុន ចាន់ថុល បង្ហាញពីរបាយការណ៍ អំពីសមិទ្ធផលការងារឆ្នាំ២០១៩ លើវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ លោក  ស៊ុន ចាន់ ថុល បានបង្ហាញពីរបាយការណ៍ លើវិស័យសាធារណការ និងដឹកជញ្ជូន ដែលរួមមាន៖ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុត្រូវបានកសាងបានប្រមាណ ១០ភាគរយ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងរបាយការណ៍ដដែល លោក បានបន្តថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China Railway International Group Co.,Ltd ដើម្បីសិក្សា ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវក្រវ៉ាត់ក្រុងទី២និងទី៣ ត្រូវបានពង្រីកទៅជា ៤គន្លង ព្រមទាំងហេដ្ឋារចនាសម្ព័ ន្ធដឹកជញ្ជូនជាច្រើនទៀតទាំងស្ពាន កំពង់ផែ ផ្លូវទឹក និងផ្លូវដែក ត្រូវបានសាងសង់ពង្រីកបន្ថែម ជួសជុល ថែទាំ លើកកម្ពស់គុណភាព និងធ្វើសមាហរណកម្មក្នុងប្រទេស និងក្នុងតំបន់ផងដែរ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។

ការចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាលមានការកើនឡើងប្រមាណ៥១ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់លើរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់អនុញ្ញាត ការចូលរួមនិងធ្វើយុទ្ធនាការកាត់បន្ថ យគ្រោះថ្នាក់ចរាចរណ៍តាមរយៈការចែកមួកសុវត្ថិភាព ការបិទចំណាំងផ្លាត ផ្លាកសញ្ញាចរាចរ ណ៍ និងគំនូសសញ្ញាចរាចរណ៍នានាជាដើម។ ជាការបន្ថែមរបស់រដ្ឋមន្រ្តីដឹកជញ្ជូន នៅក្នុងរបាយការណ៍ដដែល។

នៅក្នុងពិធីខាងលើ លោក រដ្ឋមន្រ្តីដឹកជញ្ជូនបានថ្លែងថា ទន្ទឹមនឹងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ចូន វិស័យធនធានមនុស្សត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយបានជួលគ្រូមកពីបរ ទេសដើម្បីបណ្ដុះបណ្ដាល និងបញ្ចូនមន្ត្រីទៅសិក្សានៅក្រៅប្រទេស និងការរៀបចំបង្កើតវិទ្យាស្ថានបច្ចេកទេសសាធារណការ និងដឹកជញ្ជូនផងដែរ ដើម្បីលើកកម្ពស់ធនធានមនុស្សក្នុងស្រុ ក។

លោក ស៊ុន ចាន់ ថុល ក៏បានដាក់កំណត់ទិសដៅនៅឆ្នាំ២០២០ នេះ ពង្រីកការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន និងភស្ដុភារកម្ម ដែលគ្រប់ផ្នែកទាំងអស់ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនត្រូវតែបន្ត ពន្លឿន ពង្រីកដោយឈរលើគុណភាពជាចម្បងឱ្យស្របតាមទិសដៅអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

នៅក្នុងពិធីដដែល លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេច បានក្នុងឆ្នាំ២០១៩កន្លងទៅ លើវិស័យសាធារណការ និងដឹកជញ្ជូន និងលើកទឹកចិត្តដល់ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារបន្ថែមទៀតក្នុងវិស័យនេះ ព្រោះថាក្រសួងដឹកជញ្ជូន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះជូនជាតិមាតុភូមិ៕

ដោយ៖ឌីណា