![](https://s5.kh1.co/6f/6f93ba9db68872a10252d87ec74264aa1e4b2a5e.jpg)
ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យប្រសួងពាណិជ្ជកម្ម រៀបចំបង្កើតផ្សារគំរូព្រំដែន ២ថែមទៀតយកតាមរចនាបទខ្មែរ ដែលនឹងគ្រោងបង្កើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពត ដែលត្រូវប្រើប្រាស់ថវិកាជាតិ។
ការបញ្ជាទៅ លោក ប៉ាន សូរស័កិ្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ សម្ដេច បាន ស្នើឱ្យអភិបាលខេត្តទាំងពីរខាងលើត្រៀមទីតាំងដី ជួយសម្របសម្រួលឱ្យស្របជាមួយនឹងទិសដៅនៃការបើកច្រកចេញចូលព្រំដែនកម្ពុជាវៀតណាម ដើម្បីរៀបចំកសាងផ្សារសហគមគំរូនេះ។
![](https://s5.kh1.co/92/9271cda9793dcb7de477a0b2ae3c066d0bfd22c8.jpg)
ភាពជោគជ័យរបស់ផ្សារសហគមគំរូនេះ គឺត្រូវការមានការចូលរួមនិងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តផងដែរ គឺមិនត្រូវបណ្តែតបណ្តោយបង្កើតហើយមិនមើលនោះទេ។ ជាការសង្កត់ធ្ងន់របស់ សម្ដេច នាយករដ្ឋមន្រ្តី និងបានបន្តថា នៅពេលកម្ពុជាមានផ្សារសហគមគំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញនាំចេញទៅប្រទេសវៀតណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត។
![](https://s5.kh1.co/2e/2e93a936bf4f2a634d03637dab2d7a3a443b1849.jpg)
នៅក្នុងពិធីខាងលើ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យមានការកសាងផ្សារសហគមគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម ឱ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញ ដើម្បីបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។
![](https://s5.kh1.co/c8/c89b396176938ed5a2eb5e2178055fa8a52bd13a.jpg)
ផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត ២ហិកតា ចម្ងា យប្រមាណ ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ បើតាមទំព័រហ្វេសប៊ុកផ្លូវការសម្ដេច ហ៊ុន សែន និងបានរម្លឹកថា ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។
![](https://s5.kh1.co/9f/9f1c463543e176c95e16eec5097ec5735b784c38.jpg)
ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ បើតាមការបញ្ជាក់ រដ្ឋាភិបាលកម្ពុជា បន្ថែមថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារបង្កើនចំណូលបន្ថែមសម្រាប់ប្រជាជនតាមព្រំដែន និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក៕
![](https://s5.kh1.co/59/5978e1bc4fba8741b1128c4c0d9d57b09ad54e8e.jpg)
![](https://s5.kh1.co/4e/4ef7480ac3de12858b452b6d739c26ee0ea14663.jpg)
ដោយ៖ឌីណា