Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កំណត់យកបុណ្យសមុទ្ររៀបចំក្រុងកំពតជាទីក្រុងគំរូ ដើម្បីឱ្យសមនឹងជយលាភីទីក្រុងស្អាតអាស៊ាន ២០២០

កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកំណត់ទិសដៅយកឱកាសនៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ រៀបចំក្រុងកំពតទាំងមូលឱ្យក្លាយទៅជាទីក្រុងគំរូសម្រាប់ទីក្រុងនានាទូទាំងប្រទេស លើផ្នែកសណ្ដាប់ធ្នាប់ អនាម័យ ទេសចរណ៍ សុវត្ថិភាព ការចតយានជំនិះ ដើម្បីឱ្យសមនឹងកិត្តិនាមដែលទីក្រុងកំពតទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន ឆ្នាំ២០២០។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ទៀត។

នៅសល់ជាង២ថ្ងៃនេះទៀត ពិធីបុណ្យសមុទ្រនឹងចូលមកដល់ហើយ ដូច្នេះក្រុមការងារដែលទទួលបន្ទុកត្រូវចុះទៅដល់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ ឬទៅដល់ផ្ទះ ភូមិដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្ដង ដើម្បីណែនាំឱ្យពួកគាត់រៀបចំបានស្រេចបាច់នូវការតុបតែង អនាម័យ សណ្ដាប់ធ្នាប់ និងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរដែលនឹងអញ្ជើញមកលេងបុណ្យសមុទ្រ។ ជាការណែនាំរបស់ លោក ថោង ខុន ទៅមន្រ្តីក្រោមឱវាទ ក៏ដូចមន្រ្តីពាក់ព័ន្ធ ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រនៅសាលាខេត្តកំពត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។

លោក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏បានដាស់តឿនឱ្យមន្ត្រីមន្ទីរ និងមន្ត្រីពាក់ព័ន្ធត្រូវជំរុញម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ប៊ូទិក បឹងកាឡូ រមណីយដ្ឋាន ត្រូវដាក់តម្លៃ និងបញ្ជីរាយនាមម្ហូបអាហារ ទំនិញ ផលិតផល សេវាកម្មរបស់ខ្លួនឱ្យបានទាំងអស់គ្នា និងត្រូវធានាភាពត្រឹមត្រូវជូនភ្ញៀវ។ «នឹងយកឱកាសពិធីបុណ្យសមុទ្រនេះ រៀបចំសណ្ដាប់ធ្នាប់ អនាម័យ ទេសចរណ៍ សុវត្ថិភាព ការចតយានជំនិះនៅក្រុងកំពត ឱ្យក្លាយជាទីក្រុងគំរូសម្រាប់ទីក្រុងដទៃទៀតនៅទូទាំងប្រទេស ដើម្បីឱ្យសាកសមនឹងជយលាភីទីក្រុងស្អាតអាស៊ាន ដែលក្រុងកំពតទទួលបានសម្រាប់ឆ្នាំ២០២០-២០២១»។ ជាការបញ្ជាក់របស់ លោក ថោង ខុន ក្នុងកិច្ចប្រជុំខាងលើដដែល។

«ខ្ញុំសូមឱ្យរមណីយដ្ឋាននានា ទីក្រុង ភូមិដ្ឋានប្រជាពលរដ្ឋ បង្កើនការសម្អាតឱ្យខ្លាំង លើផ្នែកអនាម័យ សណ្ដាប់ធ្នាប់ ការចតម៉ូតូ-រថយន្ត គួរតែចតតាមបណ្ដោយផ្លូវ កុំចតលើឥដ្ឋការ៉ូឡាដែលបង្កការបែក ទោះយ៉ាងណាត្រូវកែទម្លាប់នេះឱ្យបាន ខ្ញុំចង់ធ្វើជាគំរូទូទាំងប្រទេស ព្រោះក្រុងកំពតជាប់ជយលាភីទីក្រុងស្អាតអាស៊ាន ដែលនឹងទៅទទួលមេដាយនៅប្រទេសព្រុយណេនាពេលខាងមុខ»។ ជាការអំពាវនាវរបស់ របស់ លោក ថោង ខុន ទៅអ្នករស់នៅខេត្តកំពត ក៏ដូចជាប្រជាពលរដ្ឋទូទៅដែល ទៅកម្សាន្តនៅថ្ងៃបុណ្យសុទ្រខាងមុខនេះ។

តាមការឱ្យដឹងពីក្រសួងទេសចរណ៍ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ខណ្ឌ-ក្រុងចំនួន ៥ ចូលរួមប្រឡងទីក្រុងស្អាតអាស៊ាន ដែលមានខណ្ឌដូនពេញ ក្រុងកំពត ក្រុងតាខ្មៅ ក្រុងពោធិ៍សាត់ កំពង់ឆ្នាំង និងក្រុងកំពង់ចាមរួចមក អាស៊ានបានវាយតម្លៃឱ្យទីក្រុងចំនួន៣ ទទួលបានជយលាភីទីក្រុងស្អាតអាស៊ាន ក្នុងនោះរួមមាន៖ ខណ្ឌដូនពេញ ក្រុងកំពត និងក្រុងតាខ្មៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើមានការចូលរួមពី លោក ជាវ តាយ អភិបាលខេត្តកំពត និងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ដោ៖ឌីណា