Register Already an agent ? Login

៤ឆ្នាំទៀត ខេត្តព្រះសីហនុនឹងមានសណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ លើផ្ទៃដី៤០ហិកតា

ភ្នំពេញ៖ ខេត្តព្រះសីហនុ នឹងមានសណ្ឋាគារ អន្តរជាតិលំដាប់ផ្កាយ៥ ដែលមានឈ្មោះថា «មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់» ត្រូវបានសាងសង់នៅលើផ្ទៃដី ៤០ហិកតា ប្រើពេលសាងសង់ចំនួន ៤ឆ្នាំ (២០២០-២០២៣) ចំណាយទឹកប្រាក់សរុប ១២០លានដុល្លារអាមេរិក ជាគម្រោង​វិនិយោគអភិវឌ្ឍន៍ទេសចរណ៍របស់ក្រុមហ៊ុន YEEJIA TOURISM DEVELOPMENT COMPANY LTD ស្ថិតក្នុងឧទ្យានជាតិព្រះសីហនុ «រាម»។

មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ អាចទទួលភ្ញៀវសរុបបានចំនួន ៦០០០នាក់។ បើតាមគម្រោងរបស់ក្រុមហ៊ុនខាងលើ និងបានឱ្យដឹងថា ក្រៅពីមុខងារសេវា ដែលមាន​ដូចសណ្ឋាគារវិស្សមកាលតាមឆ្នេរសមុទ្រដែល​ល្បីល្បាញក្នុងពិភពលោក សណ្ឋាគារនេះបាន​រៀបចំវីឡាទោលចំនួន ១៣សម្រាប់ថ្នាក់ដឹកនាំ អាស៊ាន១០+៣​ ផងដែរ។

គម្រោងមជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់នេះ​ ត្រូវ​បានសម្រេចដោយប្រមុខរាជរដ្ឋាភិបាលរួចហើយ បន្ទាប់ពីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងភាគីចិន នៅក្នុងការរៀបចំសាងសង់នេះ។ តាមការឱ្យដឹងពីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំវាយតម្លៃគម្រោង មជ្ឈមណ្ឌលសន្និសីទអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់​ កាលពីថ្ងៃទី៥ ខែធ្នូ នេះ។

ក្រសួងបរិស្ថានបានបន្តថា អង្គប្រជុំបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ហើយបានផ្តល់មតិយោបល់បន្ថែម​លើរូបរាង សោភណភាពសំណង់ មុខងារសំណង់ ការរៀបចំលំហរបៃតង ការផ្គុំគ្នារវាងបរិស្ថានធម្មជាតិនិងសំណង់ បច្ចេកទេសសំណង់ និងភាព​សមស្របទៅហ្នឹងរចនាបថខ្មែរ៕

ដោយ៖ឌីណា