Register Already an agent ? Login

ប្រជាកសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម បានចំណូលពីរបរកសិកម្មក្នុង១ឆ្នាំ ៥០០០ដុល្លារអាមេរិក

កំពង់ចាម៖ ប្រជាកសិករ នៅសង្កាត់សំបូរមាស ក្រុងនិងខេត្តកំពង់ចាម បានចំណូលក្នុង១ឆ្នាំ ៥០០០ដុល្លារអាមេរិក និងមួយចំនួនទៀតពី ២-៣ពាន់ដុល្លារអាមេរិក ។ ការបានចំណូលនេះ កសិករភាគច្រើនពួកគាត់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីគម្រោងស្តីពីការជំរុញផលិតកម្មស្បៀង និងគម្រោងស្តីពីការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE។

ក្រសួងកសិកម្មបានឱ្យដឹងថា គម្រោងទាំងពីរខាងលើ អនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងសំខាន់ គឺផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុងទិសដៅផ្គត់ផ្គង់បន្លែសុវត្ថិភាព រួចឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសផ្តោតជាសំខាន់លើកកម្ពស់កម្រិតជីវភាព បង្កើនផលិត ភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាតឆ្លើយតបទៅហ្នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ និងសហគមន៍កសិកម្ម។

សមាជិកបណ្តុំកសិករផលិតបន្លែ បានឱ្យដឹងថាបច្ចុប្បន្នមានសមាជិក ៣៧គ្រួសារ កសិករតំបន់នេះនិយមដាំបន្លែចម្រុះបន្ទាប់ពីទឹកស្រកដូចជាខ្ទឹមក្រហម ម្ទេស សណ្តែកកួរ ស្ពៃក្តោប ពោតបារាំង និងឱឡឹក។ល។ បើតាមការឱ្យដឹងពីក្រសួងកសិកម្ម បានបន្តថា ពួកគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ដោយសារទទួលបានបច្ចេកទេសដាំដុះថ្មីៗល្អ ងាយស្រួលក្នុងការគ្រប់គ្រងស្មៅ សត្វល្អិត ប្រើប្រព័ន្ធដំណក់ទឹក កាត់បន្ថយកម្លាំងពលកម្ម ចំណេញពេល បានទិន្នផលខ្ពស់ ធានាបានគុណភាព សុវត្ថិភាពស្របតាមអ្វីដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន។

កត្តាខាងលើ បានជួយឱ្យពួកគាត់មានមុខរបរច្បាស់លាស់ និរន្តរភាពនៃចំណូលគ្រួសារ ហើយតាមរយ:ការពង្រីកផលិតភាពផលិតកកម្មនេះ គ្រួសារភាគច្រើនទទួលបានចំណូល ៥០០០ដុល្លារអាមេរិកក្នុង១ឆ្នាំ និងមួយចំនួនទៀតបាន ២-៣ពាន់ដុល្លារអាមេរិក១ឆ្នាំ រួចទៅហើយនាពេលបច្ចុប្បន្ន។ ជាការបន្ថែមរបស់ក្រសួងដែល។

គូសបញ្ជក់ថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីក្រោមឱវាទរបស់ លោក ចុះទៅពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក រដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលប្រជាកសិករទទួលបាននាពេលនេះ ហើយនេះគឺការទទួលយកបច្ចេកវិទ្យាកសិកម្មថ្មីៗមកអនុវត្ត ផលដំណាំ និងប្រាក់ចំណូលកើនឡើង ជីវភាពធូរធារ ហើយអ្វីទាំងអស់នេះគឺជាឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលចង់បាន។

លោក​ វេង សា​ខុន បានស្នើសុំឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារនេះធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើក កម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ជាក់ស្តែងសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បងប្អូនផ្ទាល់ ម្ចាស់ជំនួយ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ។ ជាការសង្កត់ធ្ងន់របស់ លោក រដ្ឋមន្រ្តីដដែល៕

ដោ៖ឌីណា