Register Already an agent ? Login

រាជរដ្ឋាភិបាលបានកំណត់ផ្ទៃដីចំនួន ១៣៣ ៧០៧,៧៣ហិកតា នៅខេត្តស្តឹងត្រែងជាដែនជម្រកសត្វព្រៃសៀមប៉ាង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា «ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុបចំនួន ១៣៣ ៧០៧, ៧៣ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ ការដាក់ចូលដែនជម្រកខាងលើ ជាការស្នើរបស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រំប្រទល់និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួលតាមរយៈការសិក្សាស្រាវជ្រាវ​ ប្រទាំងប្រមូលទិន្នន័យដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃហើយនិងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌។ នៅពេលមិនទាន់ បញ្ចូលគ្នា ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ៦៦ ៩៣២ ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានទំហំផ្ទៃដី ៦៥ ៣៨៩ ហិកតា។ ជាការបញ្ជាក់របស់ក្រសួងដដែល។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលដាក់បញ្ចូល ដែនជម្រកសត្វព្រៃសៀមប៉ាង មានគោលបំណងធំ ជាសត្យាម័តដូចជា ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយ នៃសត្វរុក្ខជាតិ ព្រមទាំងជីវៈចម្រុះ។

ជាមួយគ្នានេះដែរ ផ្ដល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ក្នុងនោះដែរ មានការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងអភិរក្សាជីវៈចម្រុះ និងធម្មជាតិក្នុងតំបន់។

ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាំអាវុធមានសមត្ថកិច្ច ដើម្បីធានាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពស្របតាមបទបញ្ញត្តិនៃច្បាប់ជាធរមាន។ ជាការបញ្ជាក់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានចែងក្នុងមាត្រា ៣។

បើតាមអនុក្រឹត្យដដែល មានត្រា៦ បានចែងថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ព្រមទាំងក្រសួងដែលពាក់ និងអភិបាលខេត្តស្ទឹងត្រែងត្រូវទទួលបន្ទុកនេះចាប់ពីថ្ងៃចុះហត្ថលេខាចេញអនុក្រឹត្យនេះទៅ៕