Register Already an agent ? Login

អន្តរក្រសួងគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដី ២៣៥គីឡូម៉ែត្រ ខេត្តរតនគិរី

ភ្នំពេញ៖ អន្តរក្រសួង បានគាំទ្រទៅលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដី ២៣៥គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនគិរី របស់ក្រុមហ៊ុន អង្គរ ហ្គោល ខប (ខេមបូឌា) ព្រមទាំងសិក្សា និងរៀបចំ របាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា ភី ភី អាយ ស៊ី ខូ អិលធី ឌី។

គម្រោងខាងលើត្រូវបាន បានបើកកិច្ចប្រជុំជាអន្តរក្រសួងដឹកនាំដោយ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង(IESIA) នៅពីថ្ងៃទី១៨ខែតុលា នេះ។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួម​ពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តរតនគិរី មន្ទីរបរិស្ថានខេត្តរតនគិរី នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា។

អង្គប្រជុំបានស្រេចជាលទ្ធផល​ ដូចខាងក្រោមដូច៖

ទី១-អង្គប្រជុំគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដីទំហំ ២០០គីឡូម៉ែត្រការ៉េ ឱ្យស្របតាម អនុក្រឹត្យលេខ ៧២ អនក្រ.បក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែរបស់ក្រសួងរ៉ែ និងថាមពល និងដើម្បីជាការជំរុញសេដ្ឋកិច្ច និងគាំទ្រ ដល់គោលនយោបាយជាតិ។

ទី២-គម្រោងនេះ គឺជាមូលដ្ឋានផ្តល់នូវ ទិន្នន័យនៃសក្កានុពលរ៉ែក្នុងតំបន់ដែលជាព័ត៌មានសម្រាប់រាជរដ្ឋាភិបាល ធ្វើ ការសម្រេចចិត្តនៅថ្ងៃខាងមុខ។

៣-ទីតាំងគម្រោងគ្របដណ្តប់ទៅលើតំបន់ការពារ (ឧទ្យានជាតិអូយ៉ាដាវ និងតំបន់របៀងអភិរក្សជីវៈចម្រុះឦសាន) ដែលទាមទារឱ្យក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយក្រសួងបរិស្ថាន និងត្រូវសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី និងតំបន់ឧទ្យានជាតិអូយ៉ាដាវ និងអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និតពេលចុះសិក្សា។

៤-ក្រុមហ៊ុនទីប្រឹក្សា ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យបានទូលំទូលាយអំពីវត្តមានរបស់គម្រោងទាំង ៥ដំណាក់កាលនៃការសិក្សាស្វែងរុករករ៉ែលោហៈ ឱ្យប្រជាជនបានយល់ពីនីតិវិធី និងបច្ចេកទេស ព្រមទាំងភ្ជាប់របាយការណ៍ដែលមានការគាំទ្រពីមូលដ្ឋាន ក្នុងរបាយការណ៍នេះ និងត្រូវដោះស្រាយការប៉ះពាល់ដីធ្លីជាមួយ ប្រជាជន និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវ។

៥-ក្រុមហ៊ុនត្រូវកំណត់ចម្ងាយ១០០ម៉ែត្រពីប្រព័ន្ធផ្លូវទឹក (អូរ) ក្បែរតំបន់គម្រោង។\

ទី៦-ក្រុមហ៊ុន ត្រូវប្រជុំពិភាក្សាដីពាក់ព័ន្ធ និងកំណត់ចម្ងាយ ១០០ម៉ែត្រ ពីភូមិករប្រជាជនរស់នៅ។

ទី៧-ក្រុមហ៊ុនត្រូវលុប-ស្តារ លើការសិក្សាដំណាក់កាលទី៣ ទី៤ និងទី៥ បន្ទាប់ពីបញ្ចប់ការសិក្សាស្វែងរុករករ៉ែលោហៈ។

ទី៨-ក្រុមហ៊ុន ត្រូវចៀសវាងទីតាំងមួយចំនួនក្នុងករណីមានវត្តមាន ដូចជា៖​ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋតំបន់ប្រវត្តិសាស្ត្រ ឬសម្បត្តិវប្បធម៌នានា។

ទី៩-ហាមធ្វើអាជីវកម្មរ៉ែក្នុងពេលសិក្សាស្វែងរុករក។ ក្នុងករណីលទ្ធផលសិក្សាស្វែងរុករកបង្ហាញថាមានសក្តានុពល រ៉ែមុននឹងឈានដល់ការធ្វើអាជីវកម្ម ក្រុមហ៊ុនត្រូវរៀបចំរបាយការណ៍ការ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញដោយឡែកមួយទៀត។

១០-ក្រុមហ៊ុនត្រូវអនុត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការកាត់បន្ថយដែលមានរៀបរាប់ក្នុងរបាយការណ៍ IESIA ដែលមានការឯកភាពពីក្រសួងបរិស្ថាន។

និងទី១១-ម្ចាស់គម្រោង​ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាកែសម្រួលរបាយការណ៍ IESIA ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ៖ឌីណា