Register Already an agent ? Login

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងបើកដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០២០

ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park មានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នឹងបើកដំណើរការ ជាផ្លូវការនៅដើមឆ្នាំ២០២០ខាងមុខ នឹងចូលខ្លួនមក បំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលកំពុងរស់នៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាងជាំដើម។ ពិសេសបណ្តាក្រុមហ៊ុននានា ដែលមានបំណងពង្រីកសក្តានុពល ផលិតផល របស់ខ្លួនមកកាន់ទីផ្សារ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ និងទីផ្សារបោះដុំផលិតផលដ៏សម្បូរបែប កំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញបោះដុំ-រាយនានាជាច្រើន ហើយនៅក្នុងនោះក៏មានក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេទ្បិចត្រូនិច និងព័ត៌មានវិទ្យា ម្ហូបអាហារនិងភេសជ្ជៈផងដែរ។

ស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលកំពុងតែមាន សក្ដានុពលនៃខណ្ឌសែនសុខ រាជធានីភ្នំពេញ តំបន់នេះមានការប្រមូលផ្តុំទៅ ដោយហាងលក់ទំនិញ និងផ្សារទំនើបជាច្រើនក្នុងនោះមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park នឹងក្លាយខ្លួនជាមជ្ឈមណ្ឌលផ្សារបោះដុំ ដាក់តាំង និងលក់ផលិតផល ចម្រុះដ៏សម្បូរបែប។

បច្ចុប្បន្ន តំបន់ខាងលើនេះ បានក្លាយជាទីតាំង ដ៏មានប្រជាប្រិយភាព លើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេល ដែលកំណើននៃប្រជាសាស្ត្របានចូលមករស់នៅកាន់តែច្រើន រួមជាមួយនឹងវត្តមាន នៃផ្សារទំនើបនានាផងដែរ។ បើតាមការថ្លែងរបស់លោក លោក ព្រឿង វិបុល ប្រធានផ្នែកទីផ្សារ និងការជួលទីតាំងមជ្ឈមណ្ឌលខាងលើ។

ជាមួយនឹងទីតាំងដ៏ល្អ ធំទូលាយ និងមានការចនា អាគារដ៏ទាក់ទាញដែលមានកម្ពស់រហូតដល់ ៦ជាន់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានបែងចែកដាច់ដោយឡែកពីគ្នារវាងជាន់សម្រាប់ដាក់តាំង និងលក់ប្រភេទផលិតផលក៏ដូចជាសេវាកម្ម ក្រុមហ៊ុនទាំងអស់ នឹងទទួលបានផលប្រយោជន៍ បន្ថែមជាច្រើនទៀត។ ជាការបន្តរបស់ លោក ព្រឿង វិបុល និងបានបន្ថែមថា តម្លៃជួលទីតាំងថោក សមរម្យ រាល់ការផ្សព្វផ្សាយផលិតផល មានប្រសិទ្ធភាពខ្ពស់ តាមរយៈការជួយជំរុញ ទីផ្សារនិងការផ្សព្វផ្សាយពី B2B Park។

ជាមួយគ្នានេះដែរ ការផ្តល់នូវការធ្វើទីផ្សារនិងផ្សព្វផ្សាយ តាមរយៈប្រព័ន្ធឌីជីថល រាល់ការផ្សព្វផ្សាយ តាមរយៈបណ្តាញអេឡិចត្រូនិក, បណ្តាញទំនាក់ទំនងសង្គម, បណ្តាញអាជីវកម្មតាមអ៊ីនធឺណែត រួមជាមួយនឹងស្ថាប័នផ្សព្វផ្សាយព័ត៌មានក្នុងស្រុកជាច្រើនទៀត ដូចជា កាសែត ទូរសទស្សន៍ វិទ្យុ គេហទំព័រ ជាតិ-អន្តរជាតិ ជាដើម។ ជាការបញ្ជាក់ របស់ ប្រធានទីផ្សារខាងលើ។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានការរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មប្រចាំខែ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ ជារឿងរាល់សប្ដាហ៍ ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងទូរគមនាគមន៍ ក្រសួងការបរទេស ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ ជាការបន្ថែមទៀតរបស់ ប្រធានទីផ្សារដដែល។

ខណ្ឌសែនសុខ មានសក្តានុពលខ្លាំង លើវិស័យអចលនទ្រព្យ ពិសេសផ្នែកលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់។ ជាករថ្លែងរបស់ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងបានបន្តថាដោយសារតែមានលំហូរ ប្រជាសាស្ត្រជាច្រើន ចូលទៅរស់នៅក្នុងខណ្ឌមួយនេះ ពីព្រោះមានភាពអំណោយ ផលលើកត្តាភូមិសាស្ត្រ។ នៅក្នុងខណ្ឌមួយនេះ មានផ្លូវសេដ្ឋកិច្ចសំខាន់ៗ ជាច្រើន ជាពិសេសផ្លូវហាណូយ ដែលកំពុងតែមាន ភាពរីកចម្រើន និងអភិវឌ្ឍទៅលើសំណង់អាគារខ្ពស់ៗ ជាច្រើន ដែលកាន់តែធ្វើឱ្យតំបន់ មានតម្លៃកាន់តែថ្លៃ។ ជាការបន្ថែមរបស់ ប្រធានសាមគមដដែល៕

ប្រភព៖ ដើមអំពិល