Register Already an agent ? Login

រដ្ឋមន្រ្តីទេសចរណ៍ ប្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ កុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់ទៅម្ចាស់អាជីវកម្មគ្រប់ប្រភេទកុំដំឡើងថ្លៃ នៅថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា នេះ ប៉ុន្តែត្រូវរក្សាគុណភាពសេវាកម្មរបស់ខ្លួនដដែល ដើម្បីសម្រួលដល់ការចំណាយនានារបស់បេក្ខជនប្រឡង ក៏ដូចជាលោកគ្រូ-អ្នកគ្រូជាដើម។ បើតាមសេចក្ដីណែនាំ របស់ លោក ថោង ខុន ចុះថ្ងៃទី១២ ខែសីហា នេះ។

នៅក្នុងសេចក្ដីណែនាំរបស់ រដ្ឋមន្រ្តីក្រសួងទសចរណ៍ បានប្រាប់ដូច្នេះថា រក្សាឱ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេលដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ។ លោក បន្ត ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឱ្យបានជាអតិបរមានូវរាល់ហេតុការណ៍ទាំងឡាយ ដែលអាចកើតឡើងជាឧបទ្ទេវហេតុ។

លោក ថោង ខុន បញ្ជាក់៖ «កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការកើនឡើងខ្លាំងយ៉ាងណាក្តី»។ លោក បន្ថែមថា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវធ្វើដំណើរទៅមណ្ឌលប្រឡងតាមការរៀបចំជាក់ស្តែង ដែលពេលខ្លះពួកគាត់ត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរ ការស្នាក់អាស្រ័យនៅសណ្ឋាគារ ផ្ទះភ្ញៀវ ផ្ទះសំណាក់ ផ្ទះជួល ឬបន្ទប់ជួលជាដើម ព្រមទាំងចំណាយលើការបរិភោគប្រចាំថ្ងៃទៀតផង៕

ដោយ៖ឌីណា