Register Already an agent ? Login

បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌបញ្ជូនតុលាការ ដែលបានបោកលុយប្រជាពលរដ្ឋជាង៣៧ម៉ឺនដុល្លារ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនខ្លួនទៅតុលាការ ក្នុងករណីបោកយកប្រាក់ពីប្រជាពលរដ្ឋជាង ៣៧ម៉ឺនដុល្លារអាមេរិក ដើម្បីរត់ការចូលបម្រើការងារតាមក្រសួងនានារបស់រដ្ឋ។ បើតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី១១ ខែសីហា នេះ។

ប្រតិបត្តិការចាប់ខ្លួនបុរសខាងលើ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដែលមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ បើតាមការឱ្យដឹងពី ឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឱ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះបានប្រគល់ប្រាក់ឱ្យជាបន្ដបន្ទាប់ប្រមាណ ៣៧៨,៥០០ដុល្លារ។ ជាការឱ្ដឹងបន្ថែមពី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបានបន្តទៀតថា បន្ទាប់ពីបានទទួលប្រាក់រួចហើយ ជនសង្ស័យខាងលើមិនបានរត់ការអ្វីដើម្បីទទួលបានការងារពីក្រសួងឡើង មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានភូតកុហកជនរងគ្រោះហើយចេះតែគេចវេសរកហេតុផលផ្សេងៗ។

លោក ហួម តាំងហឿត ឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

ដោយ៖ឌីណា