Register Already an agent ? Login

ក្រុមហ៊ុន RML នឹងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់លើផ្ទៃដីទំហំជាង ២ម៉ឺនហិកតា នៅខេត្តក្រចេះ និងមណ្ឌលគិរី

ក្រចេះ៖ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ របស់ក្រុមហ៊ុន RENAISSANCE MINERALS (CAMBODIA) LIMITEDនៅតំបន់ភ្នំខ្ទង់ លើផ្ទៃដីទំហំ ២១០,៧៥ គីឡូម៉ែត្រការ៉េ ស្មើនឹង ២១,០៧៥ ហិកតា ដែលមានទីតាំង ភូមិសាស្ត្រស្ថិតនៅឃុំស្រែជិះ ឃុំរលួសមានជ័យ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងឃុំពូជ្រី ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ បើតាមទំព័រហ្វេសប៊ុកផ្លុវការរបស់ក្រសួងបរិស្ថាន ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

គម្រោងខាងនេះ បានឆ្លងកិច្ចប្រជុំអន្តរក្រសួងសំខាន់ៗ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដែលដឹកនាំដោយ លោក សាបូ អូហ្សាណូ អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី៣១ ខែកក្កដា ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន។

តាមលទ្ធផលកិច្ចប្រជុំខាងលើបានសម្រេចជា ៨ចំណុចជាគោល ដើម្បីឱ្យក្រុមហ៊ុមនៃម្ចាស់គម្រោងអនុវត្តឱ្យបានពេញលេញទៅតាមការកំណត់របស់ក្រសួងដាក់ឱ្យអនុវត្តដូចខាងក្រោមគឺ៖

១-អង្គប្រជុំគាំទ្រលើគម្រោងសិក្សាស្វែងរុករករ៉ែលោហៈតំបន់ភ្នំខ្ទង់នេះ។ ២-ស្នើរដ្ឋបាលខេត្តក្រចេះរៀបចំកិច្ច ប្រជុំជា មួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងបី ដែលមានទីតាំង ត្រួតស៊ីគ្នាជាមួយទីតាំងសិក្សាស្វែងរុករកនេះ ដើម្បីធ្វើការដោះស្រាយឱ្យបានមុនធ្វើការសិក្សាស្រាវជ្រាវ រួចផ្ញើរបាយការណ៍មកក្រសួងបរិស្ថាន។

៣-នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវធ្វើ លិខិតគោរពជម្រាបជូន ក្រសួងអភិវឌ្ឍន៍ជនបទ ទាក់ទងទៅនឹងបញ្ហាជនជាតិដើមភាគតិច ផ្លូវជនបទ និងបង្គន់អនាម័យ។ ៤-នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវធ្វើលិខិតគោរពជូនអគ្គនាយកដ្ឋានរដ្ឋបាល ការពារនិងអភិរក្សធម្មជាតិ អំពីទីតាំងត្រួតស៊ីគ្នាជាមួយតំបន់របៀងអភិរក្សជីវៈចម្រុះឦសាន ទំហំផ្ទៃដី ៨.០៦២ ហិកតា ដើម្បីការពារការប៉ះពាល់ដល់ការបំលាស់ទីសត្វព្រៃ និងជម្រក របស់វា។

៥-ម្ចាស់គម្រោងត្រូវអប់រំបុគ្គលិក-កម្មករហាមប្រព្រឹត្តបទល្មើសព្រៃឈើ និងសត្វព្រៃ។ ៦-ម្ចាស់គម្រោងមិនត្រូវចុះទៅធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ មុនពេលក្រសួងបរិស្ថានឯកភាពលើរបាយការណ៍វាយតម្លែហេតុប៉ះពាល់បរិស្ថាន និ ង សង្គមដំបូងនេះទេ។

៧-ក្រុមហ៊ុនទីប្រឹក្សាត្រូវយកមតិយោបល់របស់អង្គប្រជុំដែលបាន លើកឡើងទៅកែសម្រួលយ៉ាងយូរ ១ខែ រួចដាក់ជូនក្រសួងបរិស្ថាន។ ៨-ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវគោរពលិខិតបទដ្ឋានគតិយុត្តិនានា របស់កម្ពុជា ដែលមានជាធរមាន៕

ដោយ៖ឌីណា