Register Already an agent ? Login

រដ្ឋាភិបាលគ្រោងសាងសង់ស្ពាននៅក្រចេះ ឆ្លងទន្លេមេគង្គ ប្រវែងជិត ២គីឡូម៉ែត្រ នៅឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងសាងសង់ស្ពាន នៅខេត្តក្រចេះឆ្លងទន្លេមេគង្គ ដែលមានប្រវែង ១៧៦១ម៉ែត្រ នៅឆ្នាំ២០២១។ សម្រាប់គម្រោងធ្វើស្ពាននេះ រដ្ឋាភិបាលនឹងស្នើសុំខ្ចីប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន។ បើតាមការឱ្យដឹងពី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការលើកឡើងខាងលើ របស់ លោក ស៊ុន ចាន់ថុល នៅពេលដែល លោក ចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ នៅថ្ងៃទី២៤ ខែកក្កដា នេះ។ លោក បន្តថា ពេលនេះយើងឈរនៅទីតាំងនេះ ដើម្បីមើលទីតាំង និងជ្រើសរើសទីតាំង ដើម្បីសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្រចេះ តាមអនុសាសន៍របស់ សម្ដេច ហ៊ុន សែន ចង់ឱ្យប្រជាពលរដ្ឋធ្វើដំណើរពីស្ទឹងត្រែង ទៅកំពង់ធំ ជាដើមឱ្យមានភាពងាយស្រួល។

«បើប្រទេសជាមិត្តមិនទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា ក៏ពួកគេមិនអនុញ្ញាតឱ្យ កម្ពុជាខ្ចីថវិកាមកសាងសង់ដែរ ដោយសារតែរដ្ឋាភិបាល យកកម្ចីមកកសាងប្រទេស ហើយក៏គ្មានប្រទេសណាមួយមកគំរាមកម្ពុជាឱ្យខ្ចីថវិកាដែ»។ ជាការបញ្ជាក់របស់ លោក ស៊ុន ចាន់ ថុល និងបានបន្តថា ក្រសួងសាធារណការ នឹងរៀបចំគម្រោងសំណើរនៅឆ្នាំ២០២០ ខាងមុខដែលស្នើសុំថវិកាសាងសង់ពីរដ្ឋាភិបាលចិន ដូច្នេះនឹងអាចសាងសង់នៅឆ្នាំ២០២១។

រដ្ឋមន្ដ្រីដឹកជញ្ជូន បានអំពាវនាវទៅដល់ពលរដ្ឋមួយចំនួន កុំបីរិះគន់រដ្ឋាភិបាល ព្រោះប្រាក់កម្ចីនេះ គឺយកមកសាងសង់ស្ពាន មិនមែនយកមកចាយវាយឡើយ។ ម្យ៉ាងទៀត រដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាឱ្យពលរដ្ឋដឹកជញ្ជូនកសិផលងាយស្រួល សុវត្ថិភាព និងចំណេញពេលវេលា៕

ប្រភព៖ ដើមអំពិល