Register Already an agent ? Login

រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោជា«ក្រុងឆ្លាតវៃក្នុងចក្ខុវិស័យ ឆ្នាំ២០៣៥»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោលដីគម្រោងអភិវឌ្ឍក្រុងបូកគោ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ គឺសំដៅរៀបចំនឹងអភិវឌ្ឍ «ភ្នំបូកគោ ជាក្រុងឆ្លាតតវៃ ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា»។ បើយោងតាមសេចក្ដីសម្រេច របស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់គម្រោងខាងលើនេះ ដោយមាន៥ចក្ខុវិស័យ ទី១.កំណត់គោលនយោបាយ និងបទដ្ឋានគតិយុត្តបង្កើតជាក្រុងសម្រាប់លំនៅឋាន លម្ហែកម្សាន្ត សិក្សា ការងារ និងធុរកិច្ចប្រកបដោយសុខភាព គុណភាព បរិស្ថានល្អ និងជាទិសដៅទេសចរណ៍ដ៏ប្រណិតកម្រិតខ្ពស់ សម្រាប់ការទាក់ទាញ ព្រមទាំងប្រគួតប្រជែងតំបន់អន្តរជាតិ។

ទី២.ការពារនិងអភិរក្សក្រុងប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ថែរក្សាប្រភពទឹកធម្មជាតិ ទេសភាព និងអាកាសធាតុភ្នំ-សមុទ្រ។ 

ទី៣.កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ផ្ដល់សេវាជូនសាធារណជន លំហសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសមានហរណកម្មតភ្ជាប់ក្នុងតំបន់។ 

ទី៤.ទាក់ទាញលើកទឹកចិត្ត និងគាំទ្រដល់ការវិនិយោគសាធារណៈនិងឯកជន ដើម្បីអភិវឌ្ឍធុរកិច្ច អភិវឌ្ឍផលិតផលទេសចរណ៍សម្បូរបែបប្រកបដោយគុណភាពខ្ពស់ និងជម្រុញកំណើនសេដ្ឋកិច្ច។ 

និងទី៥.អភិបាលកិច្ចល្អ និងអភិវឌ្ឍធនធានមនុស្ស។

គម្រោងនេះក៏មានគោលបំណង ដើម្បីសម្រេចចក្ចុវិស័យខាងលើ ដោយប្រើប្រាស់ប្លង់គោលដីគម្រោងអភិវឌ្ឍក្រុងបូកគោ «ធានាគ្រប់គ្រង និងអភិបាលកិច្ចទីប្រជុំជនភ្នមបូកគោឱ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈធ្វើសមាហរណកម្ម ការអភិវឌ្ឍ និងការងភិរក្ស និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព»។ ហើយក៏មានគោលដៅ សំខាន់ៗដូចខាងក្រោមនេះ៖

១. ការពារនិងអភិរក្សក្រុងប្រវត្តិសាស្រ្ត បរិស្ថាន និងធនធានធម្មជាតិ ទេសភាព និងអកាសធាតុ ភ្នំ-មុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជណាចក្រកម្ពុជា។ 

២. គ្រប់គ្រងការប្រើប្រាស់ដី និងនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាព ចីរភាព តុល្យ ភាពនិងសមាហរណកម្ម។ 

៣. ជម្រុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ចទាក់ទាញ គាំទ្រដល់ការវិនិយោគសាធារណៈនិងវិស័យឯកជន ដើម្បៃសមធម៌សង្គម។ 

៤. គ្រប់ដីរដ្ឋ បរិស្ថាន និងធនធានធម្មជាតិ ជម្រុញអភិវឌ្ឍបៃតង និងបង្ការទប់ស្កាត់គ្រោះមហន្តរាយ ជាក្រុងគោលដៅទេសចរណ៍ស្អាត ឆ្លាតវៃ គ្មានថង់ប្លាស្ទិក និងមេដែកឆកប្រកបដោយគុណភាព និងភាពប្រគួតប្រជែងខ្ពស់ នៅភាគខាងត្បូងអាស៊ាន។ 

៥. លើកកម្ពស់គុណភាព ប្រសិទ្ធិភាពនៃការគ្រប់គ្រង ការកែលម្អ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

៦. ធ្វើសមាហរណកម្មផែនការរូបវន្ត សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងផែនការតាមវិស័យ ដើម្បីធានាសុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ 

៧. ដោះស្រាយនិងឆ្លើយតបបានល្អតាមតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងតម្រូវការគ្រប់គ្រងជាក់ស្ដែងរបស់អាជ្ញាធរមានសមត្ថកិច្ច។

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ ៖«ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ អាចកែសម្រួលក្នុងរយៈពេល ៥ឆ្នាំម្ដង តាមករណីចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការកែសម្រួល ប្លង់គោលប្រើប្រាស់គម្រោងអភិវឌ្ឍក្រុងបូកគោ មុនពេលកំណត់អាចប្រប្រឹត្តទៅបានក្នុងករណី ដែលមានតម្រូវការចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ជាតិ»។ ការកែសម្រួលប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ ត្រូវអនុវត្តតាមនិតីវិធីនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ដោយ៖ឌីណា