Register Already an agent ? Login

សំរាមបរទេសជាង១៦០០តោន ផ្ទុកក្នុងកុងតឺន័រ៨៣ទូ ចូលមកកំពង់ផែព្រះសីហនុត្រូវបានអាជ្ញាធរចាប់បាន

ព្រះសីហនុ៖ សំរាមជាង ១៦០០តោន មកពីបរទេសដែលផ្ទុកក្នុងកុងតឺន័រ ៨៣ទូ បានលួចនាំចូលមកកំពង់ផែខេត្តព្រះហនុត្រូវបានអាជ្ញារមានសមត្ថកិច្ចពាក់ព័ន្ធចាប់បាន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។ បើតាមទំព័រហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថាន។

សមត្ថកិច្ចដឹកនាំដោយ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តព្រះសីហនុ បានបើកប្រតិបត្តិការ និងសម្រេចគាស់ទូរកុងតឺន័រ៨៣ទូ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ បានឃើញសំរាមចំនួនជាង ១៦០០តោន។ តាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

«សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ នឹងផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះតាមច្បាប់ជាធរមាន»។ បើតាមបញ្ជាក់របស់ លោក នេត្រ ភក្ត្រា និងបានបន្តថា លើសពីនេះ ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធនឹងស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមានការនាំចូលសំណល់សំរាមនេះមកកាន់ប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ការបង្ក្រាបលើការនាំចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតល្មួតរវាងស្ថានពាក់ព័ន្ធខាងលើក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។

«រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានជាដាច់ខាតចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា។ កម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា»។ ជាថ្លែងរបស់ សម្តេច ហ៊ុន សែន កន្លងមកអំពីបញ្ហាសំរាម៕ 

ដោយ៖ឌីណា