Register Already an agent ? Login

ក្រសួងបរិស្ថាន៖ ការដាំកូនឈើចំនួន ២ពាន់ដើមលើផ្ទៃដី ៦ហិកតា ដើម្បីជំនួសព្រៃដែលបាត់បង់

ព្រះវិហារ៖ កូនឈើចំនួន ២០០០ដើមបានដាំនៅលើផ្ទៃដី៦ហិកតា នៅសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ការដាំកូនឈើទាំងនេះជំនួសឱ្យព្រៃដែលបានបាត់បង់ទៅ និងដើម្បីស្ដារឡើងវិញនូវគម្របព្រៃ។ បើតាមទំព័រហ្វេសប៊ុកផ្លូវការនៃក្រសួងបរិស្ថានថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួនជាង ៥៦កន្លែង និងរបៀងអភិរក្សជីវៈចម្រុះដែលគ្រប ដណ្តប់លើផ្ទៃដីជាង ៧,៥លានហិកតា ត្រូវជា ៤១ភាគរយ (នៃផ្ទៃដីប្រទេស) ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការគ្រប់គ្រង។ ជាការថ្លែងរបស់ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការបានកំណត់យកបញ្ហាជាអាទិភាពក្នុងការរកយន្តការដោះស្រាយលើបញ្ហាប្រឈមនានា ដែលត្រូវដោះស្រាយជាបន្ទាន់គឺ «ការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន»។  

ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការអនុវត្តគម្រោងជំរុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិ ទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមការឧត្ថម្ភថវិកាពីមូលនិធិបន្ស៉ាំ(UNEP Adaption Fund) ដើម្បីលើកស្ទួយជីវភាពសហគមន៍។ បើតាមការឱ្យដឹងពី លោក រ័ត្ន វិរៈ និងបាន បញ្ជាក់ថា «ការបង្កើនគម្របព្រៃតាមរយៈការដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីរួមចំណែកកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ»។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា មិនតែប៉ុណ្ណោះប្រជាសហគមន៍អាចដកហូតប្រើប្រាស់ផល អនុផលព្រៃឈើ សម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសសហគមន៍ត្រូវបង្កើត និងផ្តល់សេវាទេសចរណ៍ធម្មជាតិ សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងការអភិវឌ្ឍរបស់សហគមន៍ឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងពិធីដាំកូនឈើ ចំនួន២ពាន់ដើម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ដែលដឹកនាំដោយ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានការចួលរួមពី អភិបាលរងខេត្ត អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងប្រជាសហគមន៍ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស។ 

សហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល ត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាននៅដើមឆ្នាំ២០១៩ នៅលើផ្ទៃដី ២២២៦,៥៨ ហិកតា។ ចំពោះការដាំកូនឈើ ២ពាន់នេះ ជាគំនិតផ្តួចផ្តើមរបស់ គណៈកម្មការសហព័ន្ធសហគមន៍ និងប្រជាសហគមន៍ក្នុងគោលបំណងបង្កើនកិច្ចសហការរវាងសហគមន៍ និងអ្នកពាក់ព័ន្ធក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនគម្រប់ព្រៃឈើនៅក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងតំបន់ការពារធម្មជាតិ៕