Register Already an agent ? Login

រាជរដ្ឋាភិបាលកម្ពុជា មានមហិច្ឆតាប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង


Thu, 27 Jun 2019

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីលទ្ធផល នៃការសិក្សាបឋម ស្តីពីការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា រាជរដ្ឋាភិបាល តម្រូវឲ្យរួមបញ្ចូលនូវទិដ្ឋភាព ចក្ខុវិស័យវែងឆ្ងាយជាច្រើន ក្នុងផែនការមេដោយឈរ លើគោលការណ៍សំខាន់ៗ ដូចជា តំបន់ដែលមាននូវបច្ចេកវិទ្យាវ័យឆ្លាត បរិក្ខារ សម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility) បរិស្ថានបៃតង តំបន់ឧស្សាហកម្ម និងជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់ ដើម្បីបម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ធនធានមនុស្សដែលមាន ជំនាញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីគាំទ្រវិស័យឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិទ្យា ទំនើប និងនវានុវត្តន៍ ។

លោកបណ្ឌិតសភាចារ្យបន្ដថា ទិដ្ឋភាពចក្ខុវិស័យវែងឆ្ងាយមួយទៀតគឺធ្វើឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ ខ្សែក្រវាត់បៃតង កសិកម្មនិងតំបន់លំនៅឋាន ព្រមទាំងគិតគូរដល់ការផ្គត់ផ្គង់សេវាសាធារណៈដែលមានគុណភាពស្តង់ដារខ្ពស់ ។

ទន្ទឹមនេះ ដោយមានការចូលរួមសហការសម្របសម្រួល និងគាំទ្រពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (United Nations Industrial Development Organization) ហៅកាត់ថា UNIDO, កិច្ចប្រជុំបានអញ្ជើញលោក ស៊ាវ ស៊ីម៉ា (Xiao SIMA) នាយកវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen ហៅកាត់ថា UPDIS) ប្រទេសចិនដឹកនាំក្រុមការងារធ្វើបទបង្ហាញស្តីពីលទ្ធផល នៃការសិក្សាបឋមពីគម្រោងផែនការមេនេះ។

ជាមួយគ្នានេះ វិទ្យាស្ថាន UPDIS បានចែករំលែកពីបទពិសោធន៍ នៃគម្រោងអភិវឌ្ឍន៍ទីក្រុងនាបណ្តាប្រទេសជាច្រើន ដែលរៀបចំនិងអនុវត្តដោយវិទ្យាស្ថាន UPDIS ក្នុងនោះមាន ដំណើរការនៃការអភិវឌ្ឍទីក្រុងស៊ិនជិន ប្រទេសចិន ដែលបានប្រែក្លាយពីអតីតតំបន់ភូមិនេសាទ មកជាទីក្រុងមួយដ៏ស្រស់ត្រកាល និងមានហេដ្ឋា រចនាសម្ព័ន្ធ ទំនើបប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលត្រូវបានគេចាត់ទុកថាជាប្រភេទទីក្រុងវ័យឆ្លាត (SMART CITY)។ ការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិននេះ គឺមានការគិតគូរយ៉ាងល្អិតល្អន់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ទាំងហេដ្ឋារចនាសម្ព័ន្ធ, ការរៀបចំសំណង់អគារ, តំបន់លំនៅឋាន, ការកំណត់តំបន់ឧស្សាហកម្ម, តំបន់ការពារបរិស្ថាន ដែលរៀបចំបានយ៉ាងមានរបៀបរៀបរយ និងមានលក្ខណៈច្នៃប្រឌិតខ្ពស់ប្រកបដោយសោភណភាព និងផាសុខភាពគួរឲ្យចង់រស់នៅ៕ 

ប្រភព : www.dap-news.com