Register Already an agent ? Login

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញារួមគ្នាខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត

ភ្នំពេញ៖ ក្រោយពីប្រទេសទាំងបីនេះ ហាក់មានភាពធូរស្រាល នៅតាមបន្ទាត់ព្រំដែន ហើយបានប្រែក្លាយ តំបន់ព្រំដែន ឲ្យមានទំនាក់ទំនងល្អ ខ្លាំងឡើងនោះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម និង លោកបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសនៃការអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៤ នៅបាងកក ប្រទេសថៃ បានឆ្លៀតពេលអញ្ជើញ ពិសារអាហារការងារ ពេលព្រឹករួមគ្នា នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៩។

ក្នុងជំនួបនោះប្រមុខដឹកនាំ ទាំងបីប្រទេស បានសន្យានិងប្តេជ្ញា រួមគ្នាខិតខំប្រែក្លាយ តំបន់ត្រីកោណ អភិវឌ្ឍន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ច ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ។

យោងតាមហ្វេសប៊ុករបស់សម្តេចតេជោ បានឲ្យដឹងថា ក្នុងជំនួបនោះក៏ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិន ទៅនឹងការជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទាក់ទិនទៅនិងការអភិវឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។

ក្នុងជំនួបអាហារ ការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងបី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើចំពោះ លទ្ធផលជាវិជ្ជមាន ដែលក្រុមការងារ នៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានចូលរួមចំណែក ដល់ការគៀងគរ រកប្រភពជំនួយ ពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណ ឲ្យមានការប្រែប្រួល មុខមាត់ថ្មី និងមានការរីកចម្រើន ជាលំដាប់។

ពិសេសបានប្រែក្លាយ ពីតំបន់មួយដែល មានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋ មានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយ ដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ន ពិសេសការប្រាស្រ័យ ទាក់ទងរវាងប្រជាជន និងប្រជាជន។

ហ្វេសប៊ុករបស់ សម្តេចតេជោបញ្ជាក់ថា “ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងបីក៏បានប្តេជ្ញា រួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ ត្រីកោណអភិវឌ្ឍន៍ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី “។

នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី បឹងរួមគ្នាខិតខំ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបី ឲ្យកាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ៕