Register Already an agent ? Login

ក្រុមហ៊ុន RMA Cambodia ដាក់សម្ពោធ “មជ្ឈមណ្ឌលបណ្តុះ បណ្តាលបច្ចេកទេស អ អិម អេ” នៅវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធីសម្ពោធ និងប្រគល់ “មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេ” ទៅដល់វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម កាលពីដើមខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការ ប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេ ជាមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ បច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford និង Jonh Deere ត្រាក់ទ័រ ដែលត្រូវបានបង្កើតឡើង សម្រាប់ប្រើប្រាស់ ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងវិទ្យាស្ថាន បច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំង ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសនេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ គ្រឿងបរិក្ខាសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត Ford មួយគ្រឿង ត្រាក់ទ័រ John Deere ពីរគ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការ រវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់ជូនប្រើប្រាស់ បណ្តុះបណ្តាល ក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកា ប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគ លើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិត តាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគ ទៅលើវិស័យធនធានមនុស្សនេះហើយ ដែលជាកត្តាជុំរុញឲ្យកកើតឡើង នូវមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស អ អិម អេ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយ ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារផ្នែកបច្ចេកទេសយានយន្ត និងគ្រឿងចក្រ។”

លើសពីនេះទៅទៀត គម្រោងសាងសង់ មជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេនេះទទួលបានការជ្រោមជ្រែង យ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្ម។

លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា អនុប្រធានគណៈកម្មាធិការជាតិ បណ្តុះបណ្តាល បានមានប្រសាសន៍ថា៖ “តាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេស អ អិម អេ ដែលបានសម្ពោធ ដាក់អោយប្រើប្រាស់ថ្ងៃនេះ ខ្ញុំជឿជាក់ថានឹងក្លាយជា មជ្ឈមណ្ឌលមួយដែលចូលរួម យ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលបច្ចេកទេស នៅកម្ពុជា ដែលផ្តល់នូវសេវាបណ្តុះបណ្តាល តាមរយៈវិធានឆ្លាស់ ក្នុងន័យនេះការបណ្តុះបណ្តាល ត្រូវបានរៀបចំឡើង ដោយមានការសហការចូលរូម រវាងមជ្ឈមណ្ឌល និងរោងជាងផ្ទាល់របស់ ក្រុមហ៊ុន RMA Cambodia ដែលកំពុងដំណើការយ៉ាងសកម្មនៅកម្ពុជា។ ជាងនេះទៀត មជ្ឈមណ្ឌលនេះ និងអាចក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព ដែលចូលរួមគ្រប់សកម្មភាព អភិវឌ្ឍន៍ធនធាន មនុស្សនៅកម្ពុជា។” លោកក៏បានកោតសរសើរ ដល់ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលបានចំណាយធនធានយ៉ាងច្រើន ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែក ក្នុងកសាងធនធាន មនុស្សនៅកម្ពុជាផងដែរ។ 

ក្រៅពីការវិនិយោគ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស ក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាម នៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារ ដល់កបាទក្រហមកម្ពុជា និងមន្ទីរពេទ្យកុមារ គន្ធបុប្ផាជាដើម៕

ប្រភព : www.dap-news.com