Register Already an agent ? Login

កម្ពុជា -ហុងគ្រី ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ជាមួយលោក Péter Szijjártó រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដើម្បីពង្រឹង និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ដោយផ្អែកលើសមភាព និងផលប្រយោជន៍រួម។

យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រាប់ចាប់តាំងពីការធ្វើពាណិជ្ជកម្ម វិនិយោគ សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិស្វកម្ម កសិកម្ម ឧស្សហកម្ម បរិស្ថាន ថាមពល សុខាភិបាល ទូរគមនាគន៍ ព័ត៌មានវិទ្យា បច្ចេកវិទ្យា អប់រំ ទេសចរណ៍ កម្មសិទ្ធិបញ្ញា ហិរញ្ញវត្ថុ និងធនាគារ វិទ្យាសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ដើម្បីបម្រើការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចគ្នា ទៅវិញទៅមក។

ក្រៅពីនេះ វិស័យផ្សេងទៀត ក៏នឹងត្រូវបានប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា-ហុងគ្រី ធ្វើការពង្រីកបន្ថែមផងដែរ ជាពិសេសទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកាត់ផ្តាច់ ដោយសារតែវិបត្តិសង្គ្រាមស៊ីវិល នៅកម្ពុជា កាលពីកំឡុងឆ្នាំ១៩៧៥។ 

តាមរយៈការចុះ កិច្ចព្រមព្រៀងថ្ងៃនេះ គេរំពឹងថា នឹងជួយបង្កើនទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរថែមទៀត ខណៈដែលបច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម នៅមានចំនួនតិចតួចនៅឡើយ ពោលគឺចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ហុងគ្រី មានចំនួនជាង ១៦លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះកម្ពុជា នាំចេញទៅហុងគ្រីមានទឹកប្រាក់ ១៣លានដុល្លារអាមេរិក និងនាំចូលមានទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក។

សូមជម្រាបដែរថា ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងស្របគ្នា នឹងដំណើរទស្សកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ របស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សាធារណរដ្ឋហុងគ្រី ដើម្បីចូលរួមសន្និសីទកំពូល ស្តីពីអន្តរសកម្មភាព និងវិធានការកសាង ទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ដែលនឹងរៀបចំឡើង នៅទីក្រុងឌូស្ហាន់បេ៕ 

ប្រភព : www.dap-news.com