Register Already an agent ? Login

មន្រ្តីជាន់ខ្ពស់ក្រសួង ពាណិជ្ជកម្ម ផ្សព្វផ្សាយ សក្តានុពល វិនិយោគកម្ពុជា ដល់ធុរជនចិន

ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីប្រទេសនេះ សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

នាឱកាសអញ្ជើញ ក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity and Investment Fair (SSACEIF)» នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩លោក ឈួន ដារ៉ា បានបង្ហាញវិនិយោគិន និងធុរជនចិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ 

លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួត ប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកបានគូបញ្ជាក់ថា “យើងបានកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន ដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ, ធ្វើប្រតិភូកម្មសេវា CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ, រំកិលទីតាំងឈរជើងរបស់មន្ត្រីកាំកុងត្រូល និងដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយជាដើម! ដូច្នេះ សូមអញ្ជើញមកវិនិយោគនៅកម្ពុជា “។

សូមជម្រាបថា សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងផ្តល់ឱកាសដល់វិនិយោគិនចិន បានស្វែងយល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅតាមប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជា ដែលជាប្រទេសកិត្តិយស សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ SSACEIF នៅក្នុងឆ្នាំនេះ៕

ប្រភព : www.dap-news.com