Register Already an agent ? Login

រដ្ឋាភិបាលម៉ាឡេស៊ី នឹងជម្រុញ ក្រុមហ៊ុនខ្លួនមកវិនិយោគ នៅកម្ពុជាកាន់តែច្រើន ថែមទៀត

ភ្នំពេញ ៖ ស្របពេលកម្ពុជា ជាប្រទេសមានទីផ្សារសេរី ស្ថិរភាព ការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយមានក្រុមហ៊ុនវិនិយោគជាច្រើន កំពុងតែប្រជែងគ្នាមកបណ្ដាក់ទុននោះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា លោក Eldeen Husaini BIN HASHIM បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងជម្រុញឲ្យក្រុមហ៊ុនខ្លួនធ្វើការដាក់ទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក Eldeen Husaini BIN HASHIM បានថ្លែងថា មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនបាននឹងកំពុងប្រកបធុរកិច្ចនៅកម្ពុជា ដោយរលូននិងមានវឌ្ឍនភាព គួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ មានក្រុមហ៊ុនម៉ាឡេស៊ី ជាច្រើនទៀត កំពុងសម្លឹងមើលឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ទេសចរណ៍ សុខាភិបាល និងសេដ្ឋកិច្ចឌីជីថលដែរ។

ចំណែកឯកអគ្គរាជទូតបានបញ្ជាក់ដែរថា កាលពីឆ្នាំ២០០៦ ទំហំវិនិយោគផ្ទាល់ (FDI)ពីម៉ាឡេស៊ីមកកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ។ 

លោកថា “ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ីនឹងជម្រុញឲ្យក្រុមហ៊ុនម៉ាឡេស៊ី ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត សំដៅឈានទៅមានទំហំវិនិយោគច្រើនជាងគេនៅកម្ពុជាជាថ្មីម្ដងទៀត” ។

ចំណែក លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ម៉ាឡេស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា។

លោកសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ប្រព្រឹត្តកម្ម ស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា ។ លោកថា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវកញ្ចប់កំណែទម្រង់គ្រប់វិស័យ ដើម្បីទាក់ទាញការវិនិយោគ សម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី មានចំណងការទូត និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាយូរលង់ណាស់មកហើយ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌអាស៊ាន និងនៅលើឆាកអន្តរជាតិ ។ ក្នុងនោះដែរ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងវិនិយោគក៏ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរផងដែរ៕ 

ប្រភព : www.dap-news.com