Register Already an agent ? Login

ស្ថានីយ៍រថភ្លើងភ្នំពេញ នឹងត្រូវជួសជុល ដើម្បីកែប្រែមុខមាត់ថ្មី

ភ្នំពេញ៖ គម្រោងដ៏រំភើបមួយក្នុងការជួសជុលឡើងវិញទៅលើស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃនេះដោយក្រុម អ្នកបណ្តាក់ទុនមួយ មកពីសហរដ្ឋអាមេរិកដើម្បីកែប្រែស្ថានីយ៍មួយនេះ ឲ្យក្លាយទៅជាអគារពាណិជ្ជកម្មRoyal Train Square ដែលមិនត្រឹមតែបម្រើជូនសម្រាប់តែអ្នកដែលធ្វើដំណើរដោយរថភ្លើងនោះឡើយ។

Royal Train Square នឹងក្លាយជាអគារមួយក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុតនៅរាជធានីភ្នំពេញដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើងទាំងទៅទាំងមកក៏ដូចជានឹងក្លាយជាកន្លែងជួបជុំគ្នា ថ្មីមួយក្នុងតំបន់អាជីវកម្ម ដែលកំពុងរីកចម្រើនមួយនេះ។

អគារនេះនឹងមានទំហំចំនួន ៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំង ការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេភោជនីយដ្ឋានធនាគារ ទូរATM ជាច្រើន និងជាកន្លែងសម្រាប់ជួល ធ្វើជាការិយាល័យសម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិពណ៌ផ្សេងៗ។ 

លោកScott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យនិងការអភិវឌ្ឍហើយនិងក្លាយជាអ្នកដឹកនាំដ៏សំខាន់ លើគម្រោងនេះដែលត្រូវបានគាំទ្រថវិកាដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិកនិងដៃគូសហការ មកពីអឺរ៉ុបបានឲ្យដឹងថា «ស្ថានីយ៍រថភ្លើងមួយនេះគឺជាអគារ បេតិកភណ្ឌដែលត្រូវបាន គេស្គាល់យ៉ាងច្បាស់មួយនៅភ្នំពេញ ប៉ុន្តែបច្ចុប្បន្នមានមនុស្ស មិនច្រើនឡើយដែលប្រើប្រាស់អគារនេះ។

ជាមួយនឹងគម្រោងអភិវឌ្ឍសាងសង់អគារ Royal Train Square យើងនឹងផ្តល់ឲ្យប្រជាពលរដ្ឋនានានូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នាញ៉ាំអាហារពេលល្ងាចនិងសម្រាកលំហែរជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាននិងហាងជាច្រើនទៀត»។

ស្ថានីយ៍រថភ្លើងក្រុងភ្នំពេញត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយ៍មួយនេះទើបតែ បានបំពេញការសាងសង់ ខ្សែផ្លូវដែករបស់ខ្លួនទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។

បើយោងទៅតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍រថភ្លើងនេះត្រូវបាន ជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរជាធម្មតាឡើងវិញនូវសេវាធ្វើដំណើរដោយរថភ្លើងទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់និងប៉ោយប៉ែតក៏ដូចជា សេវាដឹងជញ្ជូនជាទៀង ទាត់ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

លោក Bolls បានប្រាប់បន្តថា «វានឹងច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងហាងជុំវិញនោះ ជាពិសេសតំបន់កណ្តាលរាងការ៉េដ៏ស្រស់ស្អាតនៅពីមុខស្ថានីយ៍ហើយយើងជឿជាក់ថាវានឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ពេញ និយមបំផុតក្នុងទីក្រុងនេះដើម្បីជួបជុំគ្នានិងទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ទិញទំនិញនិងជាកន្លែងរៀបចំ ព្រឹត្តិការណ៍ក៏ដូចជាពិពណ៌ផ្សេងៗដ៏ពិសេសតែមួយ ដែលផ្ទុយគ្នាស្រឡះទៅនឹងរូបរាងដែលយើងធ្លាប់បានឃើញពីមុន»។

គម្រោងជួសជុលឡើងវិញ មានទឹកប្រាក់ ៥លានដុល្លារអាមេរិកមួយនេះនឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល ៣ទៅ៤ខែខាងមុខទៀតស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើននឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។

លោក Bolls បានបញ្ជាក់ថា «យើងគិតទុកជាមុនរួចជាស្រេចពីអត្ថប្រយោជន៍ដ៏ពិសេស ដែលបានមកពីក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិនឹងពិតជាចង់ផ្សារភ្ជាប់ក្នុងពេលឆាប់ៗនេះជាមួយនឹងក្រុមហ៊ុនជួលដ៏សំខាន់មួយ ដែលអាចធ្វើការជាមួយ យើងដើម្បីជួយបង្កើតចេញរូបរាងលើគម្រោងដែលកំពុងបន្តមួយនេះ»។

លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះ ទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗបានបញ្ជាក់ថា «ជាលើកទី១ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះដោយរថភ្លើងស្ថានីយ៍នេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ដឹងពីកម្រិតដែលទីក្រុងភ្នំពេញនិងប្រទេសកម្ពុជាបានអភិវឌ្ឍក៏ដូចជាមើលឃើញពីកម្រិតដែលការជួសជ្រុលប្រកបដោយការយកចិត្តទុកដាក់និងផ្តល់អត្ថប្រយោជន៍ខ្ពស់អាចធ្វើឡើងដោយផ្អែកទៅលើសក្តានុពលរបស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង»៕ 

ប្រភព : www.dap-news.com