Register Already an agent ? Login

ម្ចាស់យានជំនិះគ្រប់ប្រភេទ ត្រូវមកបង់ពន្ធឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១ មិថុនា ដល់៣០វិច្ឆិកា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាស ឲ្យម្ចាស់យានជំនិះគ្រប់ ប្រភេទត្រូវមកបង់ពន្ធ សម្រាប់ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា “សម្រាប់ការបង់ពន្ធក្នុងឆ្នាំ២០១៩ ម្ចាស់យានយន្ដគ្រប់ប្រភេទ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅសាខាពន្ធដារ ខេត្ត-ខណ្ឌ ឬ នៅធានាការកាណាឌឺយ៉ា ក.អ នៅធនាគារ អេស៊ីលីដា ភិអិលស៊ី នៅធនាគារវឌ្ឍនៈ នៅធនាគារកម្ពុជាសាធារណៈ នៅធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ឬនៅតាមធនាគារ ដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។ 

អគ្គនាយកដ្ឋានពន្ធដារ បន្ដថា ចំពោះ ក្រសួង-ស្ថាប័ន ឬ អង្គភាពដែលជាអាណាព្យាបាល ឬជាម្ចាស់កម្មសិទ្ធិនៃយានយន្ដ ត្រូវបានលើកលែង ដូចមានចែងក្នុងប្រការទី៦ នៃប្រកាសលេខ ៥៣១ សហវ.ប្រក ត្រូវស្នើសុំមក អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវតាលតាបត្របង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ) ដោយភ្ជាប់មកជាមួយ បញ្ជីសារពើភណ្ឌយានយន្ដ របស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលបានស្នើសុំនោះ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តទៅ អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងផាកពិន័យចំពោះ ម្ចាស់យានយន្ដទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធ ក្នុងឆ្នាំកន្លងមក តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្ដគ្រប់ប្រភេទ នឹងរួសរាន់ទៅប្រកាសបង់ពន្ធតាមទឹកកន្លែង និងពេលវេលា ដូចបានកំណត់៕ 

ប្រភព : www.dap-news.com