Register Already an agent ? Login

ADB ផ្ដល់ឥណទានសម្បទាន ៧,៦៤លានដុល្លារ ដើម្បីកសាងថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តឥនទានសម្បទានចំនួន ៧,៦៤លានដុល្លារ ដើម្បីគាំទ្រដល់ការកសាង ឧទ្យានថាមពល ពន្លឺព្រះអាទិត្យ កម្លាំង១០០មេហ្គាវ៉ាត់ នៅកម្ពុជា ដែលគម្រោងនេះ នឹងជួយកម្ពុជា អភិវឌ្ឍន៍ធនធានថាមពល កកើតឡើងវិញ ធ្វើពិពិធកម្មប្រភពថាមពល នឹងពង្រឹងការប្រកួតប្រជែង នៃសេដ្ឋកិច្ចសង្គមរបស់ខ្លួន។

បើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ADBបានឲ្យដឹងថា គម្រោងឧទ្យានជាតិ ថាមពលពន្លឺព្រះអាទិត្យ នឹងជួយ (EDC) ដែលជាសេវាផ្គត់ផ្គង់អគ្គិសនីជាតិ របស់កម្ពុជា អាចសាងសង់ឧទ្យានជាតិ ថាមពលពន្លឺព្រះអាទិត្យ ដែលមានកម្លាំង ១០០មេហ្គាវ៉ាត់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដទៃទៀត រួមមានជាអាទិ៍ ផ្លូវចេញចូល របង និងប្រព័ន្ធបង្ហូរទឹក ក្នុងខេត្តកំពង់ឆ្នាំង។ គម្រោងនេះ ក៏នឹងកសាងប្រព័ន្ធបញ្ជូនអគ្គិសនី ដែលតភ្ជាប់ទៅនឹង បណ្ដាញចែកចាយចម្បង នៅក្បែររាជធានីភ្នំពេញ ដែលនឹងអនុញ្ញាតឱ្យគម្រោងនេះ អាចផ្គត់ផ្គង់ថាមពល ទៅបណ្ដាញចែកចាយជាតិផងដែរ។

ប្រភពដដែលបន្ដថា ឥណទានសម្បទានរបស់ ADB កញ្ចប់ហិរញ្ញប្បទាន សម្រាប់គម្រោងឧទ្យានជាតិ ថាមពលពន្លឺព្រះអាទិត្យនេះ ក៏មាន ឥណទានសម្បទានចំនួន ១១លានដុល្លារ និង ៣លានដុល្លារ ជាហិរញ្ញប្បទានឥត សំណងផងដែរ។ ហិរញ្ញប្បទានឥតសំណងនេះ ទទួលបានពីមូលនិធិអាកាសធាតុ យុទ្ធសាស្ត្រ តាមរយៈកម្មវិធីពង្រីកថាមពលកកើតឡើងវិញ។ 

បន្ថែមពីនេះទៀត ក៏មានហិរញ្ញប្បទានឥត សំណងសម្រាប់ជំនួយបច្ចេកទេស ចំនួន ៥០០.០០០ដុល្លារ ដែលផ្ដល់ដោយមូលនិធិ e-Asia និងភាពជាដៃគូ ចំណេះដឹង នៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍសមត្ថភាព របស់អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ដែលជានិយ័តករអគ្គិសនីជាតិ អំពីបច្ចេកវិទ្យាបម្លែងពន្លឺ ទៅជាថាមពលអគ្គិសនី និងការរៀបចំផែនការឧទ្យានថាមពល ពន្លឺព្រះអាទិត្យ។ ADB នឹងគ្រប់គ្រងធនធានទាំងនេះ។ ADB បានជួយរៀបចំគម្រោងឧទ្យានជាតិ ថាមពលពន្លឺ ព្រះអាទិត្យនេះ ក្រោមហិរញ្ញប្បទានឥតសំណង ពីររដ្ឋាភិបាលកាណាដា និងសិង្ហបុរី។

លោក Pradeep Tharakan ប្រធានក្រុមអ្នកឯកទេសខាងផ្នែកការប្រែប្រួល អាកាសធាតុរបស់ ADB មានប្រសាសន៍ថា “ ការមានប្រភពថាមពល ដែលគួរឲ្យជឿជាក់បាន មាននិរន្តរភាព និងតម្លៃសមរម្យ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទសដែលកំពុង មានការរីកចម្រើន ឆាប់រហ័សដូចកម្ពុជា។ជំនួយរបស់ ADB នឹងមិនគ្រាន់តែជួយធ្វើពិពិធកម្មប្រភពថាមពលរបស់កម្ពុជា-តាមរយៈការអភិវឌ្ឍ ថាមពល ព្រះអាទិត្យប៉ុណ្ណោះទេ វាក៏នឹងជួយឱ្យកម្ពុជា សម្រេចបាននូវគោលដៅ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ របស់ខ្លួន យោងតាមកិច្ចព្រមព្រៀង ស្ដីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងប៉ារីសផងដែរ”។

ទោះបីបើមាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍបណ្ដាញថាមពល នៅកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជា ជិត៥លាននាក់ នៅតែខ្វះលទ្ធភាព ទទួលអគ្គិសនីប្រើប្រាស់។ ក្នុងឆ្នាំ២០១៨ កម្ពុជាអាចផ្គត់ផ្គង់អគ្គិសនីតាមរយៈបណ្ដាញ ដែលបានតម្លើងរួចរាល់ សរុបចំនួន ២១៧៥ មេហ្គាវ៉ាត់ ដែលក្នុងនោះ ថាមពលពី វារីអគ្គិសនីមានចំនួន១៣៣០ មេហ្គាវ៉ាត់ ឬប្រមាណ៦២ភាគរយ និងការផលិតថាមពលអគ្គិសនី ពីឥន្ធនៈហ្វូស៊ីល មានចំនួន ៧៨០ មេហ្គាវ៉ាត់ ឬប្រមាណ៣៦ភាគរយ។ បើទោះបីកម្ពុជាមានពន្លឺព្រះអាទិត្យច្រើនក៏ដោយ ប៉ុន្តែសមត្ថភាព ផលិតថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ នាពេលបច្ចុប្បន្ន គឺត្រឹមតែ ១០ មេហ្គាវ៉ាត់ប៉ុណ្ណោះ។

តាមការសិក្សា ADB បង្ហាញឱ្យដឹងថា ប្រទេសកម្ពុជា អាចបន្ថែមថាមពលពន្លឺ ព្រះអាទិត្យប្រមាណ ២០០មេហ្គាវ៉ាត់ ទៅក្នុងបណ្ដាញ ចែកចាយត្រឹមឆ្នាំ២០២១ ដោយប្រើប្រាស់បច្ចេកវិទ្យា ដែលមានស្រាប់ និងដោយមិនប៉ះពាល់ ដល់បណ្ដាញចែកចាយ៕