Register Already an agent ? Login

ក្រោយស្រាវជ្រាវអស់១ឆ្នាំ រដ្ឋបាលរាជធានី សម្រេចចុះហត្ថលេខា ជាមួយ JICA លើគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ បឹងជើងឯក

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Minpei) ប្រធានដឹកនាំ ក្រុមការងារ ត្រៀមការសិក្សាស្រាវជ្រាវ ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុនJICA (ប្រទេសជប៉ុន) បានធ្វើការចុះហត្ថលេខា ជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA លើគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ក្រោយពីបញ្ចប់ ការសិក្សាស្រាវជ្រាវ អស់រយៈពេល១២ខែ ។

លើកឡើង នាឱកាសចុះហត្ថលេខា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅ មុនគេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគាំទ្រ ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចដំណើរការ អភិវឌ្ឍន៍សំខាន់ៗ ជាក់ស្តែងគម្រោងកែលម្អ ប្រព័ន្ធទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះ បានផ្តោតសំខាន់ ទៅលើការធ្វើអោយប្រសើរឡើង និងការកែលម្អបរិស្ថាន ទីក្រុងប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថាន ព្រមទាំងបានលើកកម្ពស់ ដល់សោភ័ណភាព រាជធានីភ្នំពេញ សម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងបរិស្ថានស្អាត ប្រកបដោយផាសុខភាព ជាពិសេសផ្តល់ភាពរីករាយ ដល់ប្រជាពលរដ្ឋថែមទៀត ។ 

លោក អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ ដល់រដ្ឋាបាលរាជធានីភ្នំពេញ លើការអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយហិរញ្ញប្បទាន កិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការការទូត ដែលជាការរួមចំណែក យ៉ាងសកម្ម ក្នុងការស្តារនិងអភិវឌ្ឍន៍ រាជធានីភ្នំពេញ កាន់តែរីកចម្រើនថែមទៀត។

លោក ឃួង ស្រេង បានថ្លែងអំណរគុណ ដល់ក្រុមការងារ គម្រោងរបស់ JICA មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីធីអាយ (CTI) ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវ អស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សា និងដាក់ចេញជារបាយការណ៍ បញ្ចប់សម្រាប់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក ហើយឈានមកដល់ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ នាពេលនេះ ។ 

លោកអភិបាលរាជធានី បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់ សម្រាប់រដ្ឋាបាលរាជធានីភ្នំពេញ លើការកែឆ្នៃទឹកកខ្វក់ ក្នុងបរិមាណ៥០០០ម៉ែត្រគូប/ថ្ងៃ ដែលមានតួនាទីសំខាន់ ក្នុងការកាត់បន្ថយ ការបំពុលបរិស្ថានមួយកម្រិតធំ នៅភាគខាងជើង នៃរាជធានីភ្នំពេញ។ លោកសង្ឃឹមថាគម្រោងនេះ នឹងត្រូវបានអនុម័តជាផ្លូវការ ពីរាជរដ្ឋាភិបាលជប៉ុន នាពេលឆាប់ៗខាងមុខនេះ។

លោកបណ្ឌិត អ៊ីតូ មិមប៉េអ៊ិ (Dr. lto Minpei) បានមានប្រសាសន៍ លើកឡើងថា ជាតិពុលដែលហូរចូល ទៅក្នុងទន្លេ បឹងបួរ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងសត្វយ៉ាងខ្លាំងក្លា។ 

តាមលទ្ធផលនៃការស្រាវជ្រាវ ការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើន លើសពីការវិនិយោគ។ បញ្ហានេះចំណុចសំខាន់ ត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹក នៅតំណាក់កាលបឋម ដើម្បីទប់ទល់ការចំណាយច្រើននេះ។

លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកនេះ អាចបន្សុទ្ធទឹកកខ្វក់ បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូង ហើយផ្នែកខាងជើង ក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផង

ដែរ។

លោកបានបញ្ជាក់ផងដែរថា ក្រោយការចុះហត្ថលេខា លើគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកនេះរួច នឹងបញ្ជូនទៅឲ្យ រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើការអនុម័តចុងក្រោយ៕

ប្រភព : www.dap-news.com