Register Already an agent ? Login

ធនាគារពិភពលោក នឹងយកបញ្ហា ប្រឈមវិស័យកសិកម្ម កម្ពុជាទៅពិនិត្យ និងជួយរកការ គាំទ្របន្ថែម

ភ្នំពេញ៖ លោកស្រី Aparna Subramani នាយកប្រតិបត្តិ នៃធនាគារពិភពលោក និងជាប្រធានគណៈប្រតិភូ ក្រុមប្រឹក្សា នាយកប្រតិបត្តិធនាគារ ពិភពលោក បានឲ្យដឹងថា ចំពោះបញ្ហាប្រឈម លើវិស័យកសិកម្មនៅកម្ពុជា លោកស្រី នឹងយកទៅពិនិត្យ ព្រមទាំងរកការជួយ គាំទ្របន្ថែមទៀត។

ការលើកឡើងបែបនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសលោកស្រី ជួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងគោលបំណង ពិភាក្សាអំពីដំណើរ វិវត្តន៍រីកចម្រើន នៃវិស័យកសិកម្ម និងស្វែងយល់ពី បញ្ហាប្រឈមនានា ក្នុងវិស័យដ៏មានសារៈសំខាន់នេះ ។

លោកស្រីបញ្ជាក់ថា “ក្រុមការងាររបស់ធនាគារពិភពលោក នឹងយកទៅពិនិត្យ និងរកការជួយគាំទ្រផងដែរ។ ហើយ កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងក្រសួងនិងធនាគារពិភពលោកត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀតតាមរយៈជំនួបនាថ្ងៃនេះ”។

ចំណែកលោករដ្ឋមន្ត្រី បានលើកឡើងដែរថា ធនាគារពិភពលោក បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តង ពីប្រទេសដែលខ្វះស្បៀង សម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញ។ 

លោករដ្ឋមន្រ្តីបានលើកឡើងទៀត អំពីសក្តានុពល និងបញ្ហាប្រឈម មួយចំនួន ដែលក្រសួងនិងវិស័យកសិកម្មទាំងមូល កំពុងជួបប្រទះដូចជា បញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតប បានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់ នាំឲ្យមានការប៉ះពាល់ដល់ការបំពេញ ខ្សែច្រវាក់តម្លៃបន្ថែម ផលិតកម្មកសិកម្ម និងភាព ប្រកួតប្រជែង។

ដើម្បីដោះស្រាយរាល់ បញ្ហាប្រឈម និងធានានិរន្តរភាពនៃការអភិវឌ្ឍឲ្យសម្រេច បាន នៃចក្ខុវិស័យរបស់ប្រមុខ នៃរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលដែលមានក្រសួង ជាសេនាធិការបានដាក់ ចេញនូវគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ ដូចជាការលើកកម្ពស់ ទំនើបកម្មកសិកម្ម ការជំរុញផលិតកម្ម កសិកម្មតាមកិច្ចសន្យា បង្កើនការសិក្សាស្រាវជ្រាវពូជដំណាំ សត្វ និងវារីវប្បកម្ម ព្រមទាំងការលើកកម្ពស់ ប្រជាសហគមន៍តាមរយៈ ការធ្វើពិពិធកម្មកសិកម្ម និងបង្កើនសក្តានុពល ធនធានមនុស្ស ជាពិសេសយុវជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម ៕  

ប្រភព : www.dap-news.com