Register Already an agent ? Login

ត្រឹម៥ខែ រោងចក្រថ្មីចំនួន២០ បានបោះជើងចូលទីផ្សារកម្ពុជា នឹងផ្តល់ការងាររាប់ម៉ឺនកន្លែងដល់កូនខ្មែរ

ត្រឹមរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០១៩នេះ រោងចក្រកាត់ដេរ និងស្បែកជើងថ្មីៗចំនួន ២០ បានបោះជើងចូលក្នុងទីផ្សារកម្ពុជា ដែលនឹងផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ប្រជាជនខ្មែរ ដើម្បីកាត់បន្ថយចំណាកស្រុកទោធ្វើការនៅប្រទេសដទៃ។នេះយោងតាមប្រសាសន៍របស់ លោក កាំង មូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា ។

លោក បានថ្លែងទៀតថា ក្នុងឆ្នាំនេះ ការនាំចេញវិស័យកាត់ដេរ និងស្បែកជើងរបស់កម្ពុជាមិនទាន់មានបញ្ហាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ហើយចំណែករឿង (EBA) វិញអាចធ្វើឲ្យប៉ះពាល់ខ្លះដល់ការនាំចេញក៏ប៉ុន្តែមិនទាន់ដឹងច្បាស់នៅឡើយពីទំហំ នៃការប៉ះពាល់នៅឡើយទេ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងផងដែរថាតាំងពីឆ្នាំ១៩៩៩ កម្ពុជាចាប់ផ្តើមពីរោងចក្រប្រមាណជាង៦០រោងចក្រជាមួយ នឹងកម្មករនិយោជិកប្រមាណ ៨ម៉ឺននាក់ រហូតមកដល់ពេលនេះ រោងចក្រកើនឡើងដល់ប្រមាណ ១២០០រោងចក្រ ជាមួយនិងកម្មករនិយោជិតប្រមាណជាង ៨៤ម៉ឺននាក់ផងដែរ។ 

ឯកឧត្តម បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៨ ការនាំចេញផលិតផលកាត់ដេរសំលៀកបំពាក់ និងស្បែកជើង សម្រេចបានប្រមាណ ១០ពាន់លានដុល្លារអាមេរិកកើនឡើង ២៤,៧% បើធៀបនឹងរយៈពេលដូចកាលពីឆ្នាំ២០១៧។ កំណើននៃការនាំចេញផលិតផលសំលៀកបំពាក់ និងស្បែកជើងត្រូវបានជំរុញដោយភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសគោលដៅនាំចេញចម្បងៗ ដូចជាសហភាពអឺរ៉ុប ៤៦% សហរដ្ឋអាមេរិក ២៤% កាណាដា ៩% និងជប៉ុន ៨%៕

ប្រភព : BEE