Register Already an agent ? Login

លោកង៉ែត ជូ៖ វិធីសាស្រ្ត៤យ៉ាង ដើម្បីទប់ទល់ និងចាប់យកឱកាសពេលទីផ្សារអចលនទ្រព្យមានវិបត្តិ

ទីផ្សារអចលនទ្រព្យជាទីផ្សារលិច-អណ្តែត។ អណ្តែតបួនដប់ឆ្នាំ លិចបីបួនឆ្នាំ បើអញ្ចឹងតើអ្នកគួរធ្វើដូចម្តេចទើបអាចរស់បានក្នុងដំណាក់កាលលិចលង់?

ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកអចលទ្រព្យ លោក ង៉ែត ជូ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសបុករបស់លោក អំពីវិធីសាស្រ្ត៤យ៉ាង ដើម្បីទប់ទល់ និងចាប់យកឱកាសពេលទីផ្សារអចលនទ្រព្យមានវិបត្តិ។ មានវិធីសាស្រ្ត៤យ៉ាងដើម្បីអាចជួយអោយអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសបានទៀតផង គឺ៖ 

១) ច្នៃអចលនទ្រព្យអោយមានលំហូរសាច់ប្រាក់: មានវិធីសាស្រ្ត២យ៉ាងដែលអ្នកអាចច្នៃអចលនទ្រព្យអោយទទួលបានលំហូរសាច់ប្រាក់។ វិធីសាស្រ្តទី១គឺការលក់បង់រំលស់រយៈពេលវែង។ វិធីសាស្ត្រទី២គឺការដាក់ជួល។ ការដាក់ជួលជាការល្អម្យ៉ាងដែរប្រសិនបើអចលទ្រព្យរបស់អ្នកនៅមានសក្តានុពលខ្ពស់ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វ២។ 

២) រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង: អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេងដូចជាប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីកំឡុងឆ្នាំ២០០៧-២០១០ វិស័យនេះមានវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង ខ្ញុំបានចាប់យកឱកាសតាមរយៈប្រើប្រាស់លំហូរសាច់ប្រាក់ពីប្រាក់ខែដើម្បីទទួលកម្ចីពីធនាគារមកធ្វើការវិនិយោគដោយមិនញញើតដៃ។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានវិនិយោគនៅពេលមានវិបត្តិបែបនោះទេ។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យហុងកុង លោក លីកាស៊ីង សំរុកទិញដីធ្លីនៅកំឡុងពេលដែលប្រទេសស្ថិតក្នុងវិបត្តិធំៗ ដូចជានៅពេលមានបដិវត្តិវប្បធម៌ និង កុប្បកម្មនៅទីលានធានអាមិន។ ប្រភពទុនក្នុងការវិនិយោគគឺលោកទទួលបានពីផលចំណេញនៃការផលិតផ្កាសិប្បនិម្មិត។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យថៃ លោក សុងសាក់ឌី អូឡាម បានប្រើចំណូលពីសិប្បកម្មផលិតផ្កាសិប្បនិម្មិតទិញដីស្រែប្រាំង និងកសិដ្ឋានចិញ្ចឹមក្រពើនៅជាយក្រុងបាងកកក្នុងកំឡុងឆ្នាំ១៩៨៥-១៩៨៦ បានចំនួន១៦០ហិកតា។ ប្រមាណជា១០ឆ្នាំក្រោយ លោកបានអភិវឌ្ឍជាលំនៅដ្ឋាន និងអាគារពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក។ 

៣) រក្សាបំណុលក្នុងកំរិតដែលអ្នកអាចគ្រប់គ្រងបាន: ពោលគឺលំហូរសាច់ប្រាក់ចូលពីប្រភពទាំងពីរខាងលើ គួរតែស្មើយ៉ាងតិច១៥០%នៃការតព្វកិច្ចសងបំណុល និងតំរូវការចាយវាយក្នុងគ្រួសារប្រចាំខែ។

៤) រៀនរស់ក្នុងជីវិតសាមញ្ញ: បើអ្នកមានទំលាប់រស់នៅសាមញ្ញ នោះអ្នកនឹងមិនមានសំពាធផ្លូវចិត្តនៅពេលទីផ្សារជាប់គាំងនោះទេ ព្រោះអ្នកមិនបានរំពឹងយកប្រាក់ឬផលចំណេញពីការវិនិយោគមកចាយវាយហ៊ឺហារ។ ជារឿយៗ អ្នកខ្លះហៅថាជាការរស់នៅក្នុងជីវិតក្រាំង។ 

ប្រភព : Bee