ភ្នំពេញ: ស្របពេលធនាគារជាតិនៃកម្ពុជា បានប្រកាសអនុញ្ញាត្តិឲ្យមានការធ្វើចរាចរណ៍ប្រាក់យ័នរបស់ចិន ក្នុងការទូទាត់ពាណិជ្ជកម្មសេដ្ឋវិទូនានា បានសម្តែងការប្រុងប្រយ័ត្នទាក់ទងនឹងបញ្ហានេះ ដោយមានលើកឡើងនូវទស្សនខុសៗគ្នាសម្រាប់ការពិចារណា។
លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៣០ តុលានេះថា ប្រវត្តិសាស្រ្តខ្មែរក្រោយសង្រ្គាម កម្ពុជាបានចាយរូបិយប័ណ្ណច្រើនដូចជាមាស ប្រាក់ លុយបាត និងក្រោយមកយើងប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយ ប៉ុន្តែអ្វីដែលលោកយល់គឺថា សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង កម្ពុជាគួរប្រើប្រាស់រូបិយប័ណ្ណជាតិ។
លោកបន្តថា “ក្នុងពេលយើងកំពុងជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងសេដ្ឋកិច្ចជាតិ បើយើងប្រើប្រាស់លុយយ័នមួយទៀត វានឹងអាចធ្វើឲ្យមានភាពស្មុគ្រស្មាញទៅវិញ”។លោកបន្តថា “សម្រាប់ការយល់ឃើញរបស់ខ្ញុំ គឺយើងគួរបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិ”។
លើកឡើងនិងពន្យល់ពីដំណើរការនេះ លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ដោយសារចិនបានបោះទុនវិនិយោគច្រើននៅកម្ពុជា និងចិនតែងមានមហិច្ឆតា ដើម្បីចរាចរលុយរបស់ខ្លួនទៅកាន់តំបន់ និងពិភពលោកឲ្យបានទូលំទូលាយ តែមិនទាន់អាចធ្វើបាននៅឡើយ ទើបចិនអាចយកកម្ពុជាសម្រាប់ការចេញដំណើរមុន នៅក្នុងការចរាចររូបិយប័ណ្ណរបស់ខ្លួន។
លោកបន្តថាប្រសិនជាការចរាចរលុយយ័នសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម នាំចេញនាំចូលរវាងតែកម្ពុជា ចិន អ្វីជាការបារម្ភគឺនៅត្រង់ថា លុយចិនមិនទាន់មានស្ថិរភាពនៅឡើយ ធផបនឹងដុល្លារដែលមានការប្រើប្រាស់នៅជុំវិញពិភពលោក។
លោកបន្តថា “ពីមុនកម្ពុជាប្រឹងទប់ស្កាត់អតិផរណារវាងប្រាក់ដុល្លារ និងប្រាក់រៀល តែបើយើងចាយលុយចិនមួយទៀត យើងត្រូវរកវិធីទប់អតិផរណាជាមួយលុយចិនមួយទៀត”។លោកបន្តថា “ផ្ទុយទៅវិញ បើការចរាចរលុយយ័នរបស់ចិនអនុញ្ញាត្តឲ្យមានចរាចរណ៍ទូលំទូលាយនៅកម្ពុជា ដូចដុល្លារតើវាអាចមានផលប៉ះពាល់សេដ្ឋកិច្ចកម្រិតណា យើងទាមទារឲ្យមានសូចនាករជាច្រើន ដើម្បីវាស់វែង”។
លោកបណ្ឌិតហុង វណ្ណៈបានបន្តថា បើការចរាចរលុយយ័នទូលំទូលាយ ដូចដុល្លារ ហើយបើប្រជាជននឹងប្រើប្រាស់លុយយ័នច្រើន គាត់លែងចង់ចាយលុយរៀលរបស់ជាតិនោះជាបញ្ហាមួយទៀត ដែលអាចបណ្តាលឲ្យមានវិបត្តិលុយរៀល។ហេតុនេះបើយើងគ្រប់គ្រងមិនបាន វាអាចនឹងមានអតិផរណារវាងលុយដុល្លារនិងលុយរៀល និងលុយរៀល និងលុយយ័ន។
លោកបន្តថា “យ៉ាងណាខ្ញុំគិតថាអ្នកជំនាញសេដ្ឋកិច្ចនៃធនាគារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិតជាបានសិក្សាពីផលប៉ះពាល់ និងផលចំណេញពីការប្រើប្រាស់លុយយ័នហើយ”។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស៊ុំ សន្និសីទបានមានប្រសាសន៍ក្នុងវេទិកាមួយទាក់ទង នឹងការប្រើប្រាស់ប្រាក់យ័នកាលពីពេលថ្មីៗនេះថា កន្លងមកធនាគារជាតិនៃកម្ពុជាបានអនុញ្ញាត្តឲ្យធនាគារចំនួន២ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺធនាគារBOC និងធនាគារICBC និងធនាគារពាណិជ្ជ១៣ផ្សេងទៀតធ្វើប្រតិបត្តិការប្រាក់យ័ន។
តាមរយៈការដាក់ឲ្យដំណើរការនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើរជាប្រាក់យ័ន ក្នុងប្រព័ន្ឋធនាគារដែលអនុញ្ញាត្តឲ្យធនាគារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ័នបានល្អប្រសើរ និងរួមចំណែកជំរុញកំនើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍មកពីប្រទេសចិនអាចចាយប្រាក់យ័ននៅកម្ពុជាបាន។
លោកស៊ុំ សន្និសីទបានគាំទ្រការប្រើប្រាស់ប្រាក់យ័ននៅកម្ពុជា តាមរយៈប្រព័ន្ឋធនាគារ ដើម្បីសម្រួលពាណិជ្ជកម្មទ្វេរភាគី ការវិនិយោគ និងទេសចរណ៍ជាដើម។
លោកចាន់ សុផលនាយកមជ្ឈមណ្ឌលសិក្សាការអភិវឌ្ឍន៍បានមានប្រសាសន៍ថា លំហូរប្រាក់យ័នមកកម្ពុជា ជាសញ្ញាវិជ្ជមានក្នុងការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ដោយលោកគិតថាវាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ចិន មកទស្សនា និងវិនិយោគនៅកម្ពុជា។
លោកបន្តថា“ការទូទាត់ប្រាក់យ័ន មិនមានបញ្ហាអ្វីឡើយនៅក្នុងសេដ្ឋកិច្ចកម្ពុជា តែមានតែចំណេញដល់សេដ្ឋកិច្ច”។
ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាលោកអ៊ិន ចាន់នីបានគាំទ្រការប្រើប្រាស់ប្រាក់យ័ននៅកម្ពុជាផងដែរ ដោយលោកបានថ្លែងថា កន្លងមកធនាគារជាតិនៃកម្ពុជា មិនដែលបានហាមឃាត់ការចរាចរណ៍ ឬការទូទាត់ប្រាក់យ័ននៅកម្ពុជានោះទេ ហេតុនេះ ការចរាចរប្រាក់យ័ន មិនមែនជារឿងថ្មីនោះឡើយ ផ្ទុយទៅវិញការដាក់ឲ្យចរាចរប្រាក់យ័នកាន់តែទូលំទូលាយវាផ្តល់នូវផលចំណេញ និងជម្រើសកាន់តែសម្បូរបែបក្នុងការទូទាត់ពាណិជ្ជកម្មនានា។
លោកបន្តថា “ពីមុនការធ្វើពាណិជ្ជកម្មកម្ពុជាចិន ប្រើប្រាស់ប្រាក់ដុល្លារ តែពេលនេះអាចប្រើប្រាស់ប្រាក់យ័នបានហើយ”។លោកបន្តថា “ការចាយប្រាក់យ័នដើម្បីទិញទំនិញប្រើប្រាស់ ក៏មិនមានការហាមឃាត់ដែរ មានន័យថាអ្នកកាន់ប្រាក់យ័នអាចទិញកាហ្វេនិងបង់ប្រាក់សណ្ឋាគារជាដើម”៕
ប្រភព : Property area