Register Already have an account ? Login

​ខេត្តសៀមរាបមានសណ្ឋាគារប៉ុន្មាន? ចង់ដឹងទេ


Wed, 01 Aug 2018

ភ្នំពេញៈ ស្របពេលកំណើនទេសចរជាតិ អន្តរជាតិកើនឡើងជារៀងរាល់ឆ្នាំ បានធ្វើឲ្យការផ្គត់ផ្គង់សណ្ឋាគារលំដាប់ប្រណីត នៅខេត្តសៀមរាបកើនឡើងជាលំដាប់។

តើខេត្តសៀមរាបមានសណ្ឋាគារប៉ុន្មាននាពេលនេះ?

បើយោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុបបានរកឃើញថា សណ្ឋាគារ​ប្រណីតនៅ​ខេត្ត​សៀមរាប បាន​កើន​ឡើង​ពី​ ៥,៩៨៧ ​បន្ទប់ កាលពី​ឆ្នាំ​មុន​ដល់ ៦,៧០៩ ​បន្ទប់ នៅ​ឆ្នាំ​ ២០១៧ ​នេះ​សណ្ឋាគារ​កម្រិត​ផ្កាយ​៤ បាន​កើន​ពី៨,១៣២បន្ទប់ ដល់​៨,៩៦២​ បន្ទប់​នៅ​ឆ្នាំនេះ ប៉ុន្តែ​សណ្ឋាគារ​កម្រិត​ផ្កាយ​៥ បាន​ថយ​ចុះ​នូវ​ចំនួន​បន្ទប់​ដែល​កាលពី​ឆ្នាំ​មុន​មាន​ចំនួន៦,៦៩៩ ​បន្ទប់ ធ្លាក់​មក​នៅ​ត្រឹម ៦,១៣១​ បន្ទប់​កាលពីដំណាច់ឆ្នាំមុន ​។

ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ការ​ថមថយ​នូវ​ចំនួន​បន្ទប់​កម្រិត​ផ្កាយ​៥ នេះ មួយ​ផ្នែក​ដោយ​សារ​ការ​ផ្អាក​នូវ​ដំណើរការ​សណ្ឋាគារ​មួយ​ចំនួន និង​សណ្ឋា​គារ​មួយ​ចំនួន​ទំនង​ជា​បាន​បញ្ចុះ​កម្រិត​ផ្កាយ​របស់​ពួក​គេ​។

នាយក​ផ្នែក​វាយ​តម្លៃ​អចលនទ្រព្យ ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​ រៀលធី​គ្រុប លោក ប៉ែន សុខគា បាន​ថ្លែងថា​ ​ចំនួន​សណ្ឋាគារ​នៅ​រាជធានី​ភ្នំពេញ មាន​ការ​កើន​ឡើង​ច្រើន​ធៀប នឹង​ខេត្ត​សៀមរាប ដោយ​យើង​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួ​ន​សណ្ឋាគារ​ថ្មីៗ​ កាន់​តែ​ច្រើន​មាន​ភ្ញៀវ​ចម្រុះទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​និង​ប្រតិភូ​ នានា​។

លោក​បន្ត​ថា “ទោះ​ជា​​យ៉ាង​ណា យើង​សង្កេត​ឃើញ​ថា អ្នក​វិនិយោគ​សាងសង់​សណ្ឋាគារ​ភាគ​ច្រើន​នៅ​កម្ពុជា ជា​អ្នក​វិនិយោគ​ក្នុង​ស្រុក​»​។ លោក​បន្ត​ថា«​ការ​វិនិយោគ​លើ​វិស័យ​នេះ ​មិន​មាន​ផល​ចំណេញ​ខ្លាំង​នោះ​ទេ តែ​មិន​សូវមាន​ហានិភ័យ​ឡើយ ដោយ​សារ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បាន បន្ត​កើន​ឡើង​»​។

ប្រធានសមាគមសណ្ឋាគារ លោក ឌិន សុមេធារិទ្ឋ បានថ្លែងស្រដៀងគ្នាថា ទីផ្សារសណ្ឋាគារមិនមានអ្វីប្រែប្រួលនោះទេ ដោយសារការប្រកួតប្រជែងកើនឡើង ហើយការមកដល់របស់ភ្ញៀវទេសចរកើនឡើង ក៏មិនបានជួយឲ្យអត្រា​ប្រើប្រាស់បន្ទប់សណ្ឋាគារកើនឡើងគួរឲ្យកត់សំគាល់ទេ ដោយសារការផ្គត់ផ្គង់​កើនឡើងខ្ពស់។

លោកបន្តថា “ទីផ្សារនេះកំពុងធ្វើឲ្យអ្នកវិនិយោគសណ្ឋាគារតូចៗ បង្ខំចិត្ត​បិទទ្វារ ដោយសារការប្រកូតប្រជែង និងកង្វះជំនាញពីអ្នកទាំងនោះ”។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន បាន​ថ្លែង​ថា ការ​កើន​ឡើង​នូវ​ភ្ញៀវ​ទេសចរ ក៏​មាន​បញ្ហា​ប្រឈម​ថ្មី​កើន​ឡើង​ផង​ដែរ ពិសេស​នៅ​តំបន់​ឆ្នេរ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា និង​រៀបចំ​ផែនការ​ច្បាស់​លាស់ ទើប​ការ​អភិវឌ្ឍ​នៅ​តំបន់​ឆ្នេរ​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ លោក​បន្ត​ថា ​“​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ក្នុង​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ហើយ​ដើម្បី​ធ្វើ​បាន​យើង​ត្រូវ​មាន​ប្លង់​មេ​ច្បាស់លាស់​មួយ​រៀបចំ​តំបន់​ អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់​លាស់​ថា តំបន់​​ណា​ជា​តំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​តំបន់​ណា​ជា​តំបន់​ឧស្សាហកម្ម តំបន់​ណា​ជា​តំបន់​ឆ្នេរ​ជាដើម​»​៕

ប្រភព : Property area