Register Already an agent ? Login

តំបន់ជាប់ផ្លូវជាតិលេខ៤ កំពុងឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រដ្ឋាភិបាល

ភ្នំពេញ៖ ការអភិវឌ្ឈរវាងរាជធានីភ្នំពេញ និងទីរួមខេត្តកំពង់ស្ពឺត្រូវបានតភ្ជាប់គ្នា​ហើយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែល្បឿននៃការអភិវឌ្ឍនេះកំពុងបន្តតភ្ជាប់ជាមួយនឹងខេត្តព្រះសីហនុ ដែលជាខេត្តកំពុងមានការរីកចម្រើនលឿន។

ការដាក់ឲ្យដំណើរការគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីចុងឆ្នាំ២០១៥ បាននិងកំពុងជួយជម្រុញនិងពន្លឿនចក្ខវិស័យរបស់រដ្ឋាភិ​បាល តាមរយៈការរៀបចំឲ្យតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ដល់ខេត្តព្រះសីហនុជាតំបន់ឧស្សាហកម្ម។

ជាមួយនឹងផែនការពង្រីកផ្លូវនេះពីទំហំ៧ម៉ែត្រ ដល់១១ម៉ែត្រនាពេលខាងមុខ តា​មរយៈជំនួយពីធនាគារពិភពលោក ដែលផ្តល់ឥណទាន១១០លានដុល្លារ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានថ្លែងថា រដ្ឋាភិបាលនឹងរៀបចំស្ថាបនាឡើងវិញ និងពង្រីកផ្លូវជាតិលេខ៤ នាពេលខាងមុខនេះ ដើម្បីសម្រួលការដឹកជញ្ជូន ពិសេសជួយធ្វើឲ្យតំបន់លិចទឹកជំនន់នាតំបន់ស្ទឹងសំរោ​ង និងស្ទឹងអូរគគីរ ស្ថិតក្នុងស្រុកកំពង់សិលា មិនប្រឈមនឹងការលិចទឹកជាថ្មី។

ជាមួយគ្នានេះ ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះ​សី​ហនុ នឹងបើកការដ្ឋានសាងសង់នៅកំឡូងខែវិច្ឆិកាខាងមុខផងដែរ។

លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារដ្ឋាភិបាលកម្ពុជាបានថ្លែងថា តាមផែនការ​និងគោលនយោបាយរបស់រដ្ឋាភិបាល តំបន់ផ្លូវជាតិលេខ៤ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ នឹងក្លាយជាតំបន់ឧស្សាហកម្ម ដោយសារខេត្តព្រះសីហនុជាខេត្តពិសេសមួយ ដែលរដ្ឋាភិបាលបានដាក់បញ្ចូលជាតំបន់ឧស្សាហកម្មពិសេស ក្នុងគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។

លោកបន្តថា “ខេត្តព្រះសីហនុនឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំទី២ បន្ទាប់ពីរាជធានីភ្នំពេ​ញ ដោយសារសក្តានុពលជាច្រើន ដែលបានធ្វើឲ្យខេត្តនេះកំពុងមានភាពរីកចម្រើន​យ៉ាងលឿន”។

ខេត្តព្រះសីហនុមានសក្តានុពលសំខាន់ៗជាច្រើន ដូចជា ទី១ មានកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជា ទី២ មានការតភ្ជាប់បណ្តាញផ្លូវដែក ទី៣ មានព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលបាននិងកំពុងពង្រីក ទី៤ មានការសាងសង់ផ្លូវល្បឿនលឿន ជាលើកទី១រវាងរាជធានីភ្នំពេញ ​និងខេត្តនេះ និងទី៥ មានឆ្នេរដ៏ស្រស់ស្អាត ដែលបានធ្វើឲ្យខេត្តនេះក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល។

ចូលរួមក្នុងពិធីសម្ភោធតំបន់ឧស្សាហកម្មមួយ ក្នុងចំណោមតំបន់ឧស្សាហកម្មជា​ច្រើននៅតាមបណ្តោយផ្លូវនេះ លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាជន លើកកម្ពស់វិស័យទេសចរណ៍ជាតិ ព្រមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ថែមទៀត។

លោកបន្តថា សេដ្ឋកិច្ចកម្ពុជាកំពុងមានកំនើនរឹងមាំ និងវឌ្ឍនភាពនៃវិស័យសំណ​ង់ ដែលធ្វើឲ្យកើនឡើងនូវតម្រូវការប្រើប្រាស់សម្ភារ និងគ្រឿងសង្ហារឹមប្រណិតៗ ហើយការមកដល់នៃផ្សារពាណិជ្ជកម្មចិន នឹងផ្តល់ជម្រើសកាន់តែច្រើនសម្រា​ប់​ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានជីវិតរស់នៅតាមបែបស៊ីវិល័យ ស្របតាមបរិបទរីកចម្រើននៃវិស័យសេដ្ឋកិច្ច”៕

ប្រភព : Property area