Register Already an agent ? Login

ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក

ភ្នំពេញ៖ ទីផ្សារមូលបត្រកម្ពុជា បានបង្ហាញសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ខណៈការប្រមូលមូលធនតាមយន្តការទីផ្សារមូលបត្រ ត្រូវបានរំពឹងថា នឹងឈានដល់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក នៅចុងឆ្នាំ២០២៦ ស្របពេលទំហំជួញដូរប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ បានកើនឡើងដល់ជិត ២លានដុល្លារ និងថ្ងៃខ្លះឈានដល់ ៤លានដុល្លារ។

ការថ្លែងបែបនេះ ធ្វើឡើងដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា ក្នុងវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ខែ កញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៨ ក្នុងទីផ្សារមូលបត្រ ដែលរួមមានទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ឯកឧត្តមបន្តថា សាច់ប្រាក់ដែលប្រមូលបានតាមយន្តការចុះបញ្ជីក្នុងទីផ្សារ ត្រូវបានរំពឹងថា នឹងឈានដល់ ១ពាន់លានដុល្លារអាម៉េរិកនៅចុងឆ្នាំនេះ។ជាមួយគ្នានេះ សាច់ប្រាក់ដែលប្រមូលបានតាមរយៈការបោះផ្សាយសញ្ញាបណ្ណឯកជន ក៏ត្រូវបានរំពឹងថា នឹងឈានដល់ប្រមាណ ១ពាន់លានដុល្លារផងដែរ។

ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា កំណើននេះ ទទួលបានការចូលរួមគាំទ្រយ៉ាងសំខាន់ពីវិស័យឯកជន រួមទាំងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង។ ឯកឧត្តមបានបញ្ជាក់ថា សន្ទុះនៃការជួញដូរនៅទីផ្សារមូលបត្រ ក៏មានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ក្នុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៦។ ទំហំជួញដូរប្រចាំថ្ងៃ ដែលពីមុនធ្លាប់ត្រូវបានរំពឹងថា អាចឈានដល់ ១លានដុល្លារក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ ប៉ុន្តែបច្ចុប្បន្នបានឈានដល់កម្រិតនេះរួចហើយ ដោយទំហំជួញដូរប្រចាំថ្ងៃនៅពេលខ្លះកើនជិត ២លានដុល្លារ និងថ្ងៃខ្លះឈានដល់ ៤លានដុល្លារ។

ជាមួយនឹងការរីកចម្រើននេះ ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា និយ័តករមូលបត្រកម្ពុជា កំពុងបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ តាមរយៈការដាក់ចេញផលិតផល និងសេវាទីផ្សារថ្មីៗ ដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារ។ ផលិតផល និងសេវា ដែលកំពុងត្រូវបានរៀបចំ រួមមានមូលនិធិជួញដូរបាន មូលនិធិវិនិយោគអចលនវត្ថុដែលអាចជួញដូរបាន និងទីផ្សារផលិតផលទំនិញនាពេលអនាគត។ ទន្ទឹមនឹងនេះ និយ័តករមូលបត្រកម្ពុជា ក៏កំពុងចាប់យកឱកាសពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងទ្រព្យឌីជីថល និងហិរញ្ញប្បទានវិនិយោគពីបុគ្គលទៅបុគ្គល។

ដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ទំហំមូលធនូបនីយកម្មទីផ្សារមូលបត្រ បានកើនឡើងជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ទីផ្សារមូលបត្រប្រកបដោយចីរភាព ក៏មានការរីកចម្រើនផងដែរ ដោយការបោះផ្សាយសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព មានទំហំកើនដល់ប្រមាណ ៨០លានដុល្លារអាម៉េរិក។ ក្នុងខែកញ្ញានេះ សញ្ញាបណ្ណចីរភាពដែលមានបុគ្គលធានា ត្រូវបានចុះបញ្ជីលក់នៅផ្សារមូលបត្រកម្ពុជា និងបានប្រមូលសាច់ប្រាក់ប្រមាណ ២០លានដុល្លារអាម៉េរិក ដោយអនុលោមតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សម្រាប់ចំនួនវិនិយោគិនវិញ ចំនួនលេខអត្តសញ្ញាណវិនិយោគិន បានកើនដល់ ៧ម៉ឺន ៦៦៩៦ ខណៈការជួញដូរភាគហ៊ុនបានកើនលើស ៣លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃ។ ទិន្នន័យបច្ចុប្បន្នរបស់ផ្សារមូលបត្រកម្ពុជា ក៏បង្ហាញថា ទីផ្សារមានទាំងក្រុមហ៊ុនចុះបញ្ជីជាមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យមូលបត្រ ក៏ត្រូវបានជំរុញតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ផ្នែកបទប្បញ្ញត្តិ ដោយមានការអនុវត្តយន្តការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigikey) និងថ្នាលផ្ទៀងផ្ទាត់ឯកសារ (Verify.gov.kh)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យមូលបត្រ មិនត្រឹមតែជាយន្តការសម្រាប់បំពេញតម្រូវការដើមទុនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញនវានុវត្តន៍ បរិយាបន្ន ចីរភាព អភិបាលកិច្ចសាជីវកម្ម និងការធ្វើធុរកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យភាពនៅកម្ពុជា។ ជាមួយនឹងការពង្រីកផលិតផល និងសេវាកម្មថ្មីៗ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃចំនួនវិនិយោគិន និយ័តករមូលបត្រកម្ពុជា រំពឹងថា ការអភិវឌ្ឍទីផ្សារមូលបត្រនឹងបន្តពង្រឹងតួនាទីជាប្រភពមូលធនសម្រាប់វិស័យឯកជន និងជាយន្តការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា៕

ដោយ៖khmerhome

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026