ភ្នំពេញ៖ កម្ពុជា បានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំកិច្ចគាំទ្រពិសេស សម្រាប់គម្រោងពង្រីកការវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យា ដែលត្រូវបានចាត់ទុកថា អាចរួមចំណែកដល់ការលើកកម្ពស់វិស័យឧស្សាហកម្ម និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។
កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់លើការថែរក្សាបរិយាកាសវិនិយោគ និងបន្តគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីឱ្យអាជីវកម្មអាចបន្តពង្រីកទុនវិនិយោគនៅកម្ពុជា។ តាមការលើកឡើងក្នុងកិច្ចប្រជុំ ការសម្រេចពង្រីកការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ ត្រូវបានចាត់ទុកថា ជាសញ្ញាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។
អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះគម្រោងថ្មីនេះ ដោយចាត់ទុកថា ជាគម្រោង «បច្ចេកវិទ្យាស្នូល (Core Technology)» ដែលអាចក្លាយជាជំហានសំខាន់មួយទៀត ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់កម្ពុជា។ជាមួយគ្នានេះ គម្រោងត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ បង្កើតការងារជំនាញរាប់ពាន់កន្លែងផ្ទេរបច្ចេកវិទ្យាទំនើប និងជួយពង្រឹងសមាហរណកម្មខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain)។
ក្នុងកិច្ចប្រជុំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក៏បានពិភាក្សាលើសំណូមពរ និងតម្រូវការគាំទ្ររបស់ក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងនីតិវិធីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងកញ្ចប់លើកទឹកចិត្តវិនិយោគ។ដោយឈរលើស្មារតីគាំទ្រធុរកិច្ច អង្គប្រជុំបានបង្ហាញការត្រៀមខ្លួនសម្របសម្រួល និងស្វែងរកដំណោះស្រាយដែលមានភាពបត់បែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងបង្កើនទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការសម្រេចចិត្តពង្រីកការវិនិយោគនៅកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការស្រូបយក និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាទំនើបប្រព្រឹត្តទៅដោយរលូន។ ការណ៍នេះ ត្រូវបានរំពឹងថា នឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលកាន់តែប្រសើរ៕
ដោយ៖khmerhome