ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមានគម្រោងបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ និងគម្រោងបង្កើតរោងចក្រកែច្នៃដំឡូងមី។
ដោយឡែក វិស័យឧស្សាហកម្មចំនួន ៧គម្រោង រួមមានគម្រោងបង្កើតរោងចក្រផលិតរទេះលើកដាក់អីវ៉ាន់, គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបរិក្ខារអគ្គិសនីបំភ្លឺ, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខារលម្អគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មី, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបន្ទាប់បន្សំសម្រាប់សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារិម និងសម្ភារៈសត្វចិញ្ចឹម (ពីប្លាស្ទិក), គម្រោងបង្កើតរោងចក្រកែច្នៃអំបិល និងគម្រោងអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃ។
សូមជម្រាបថា គម្រោងវិនិយោគទាំង៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ ត្បូងឃ្មុំ និងក្រចេះ៕
ដោយ៖khmerhome