Register Already an agent ? Login

កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២

ភ្នំពេញ៖ គម្រោង ICONE ដំណាក់កាលទី២ (២០២៦-២០៣០) ត្រូវបានដាក់ឱ្យពិភាក្សា និងរៀបចំឡើងដើម្បីពង្រឹងភាពប្រកួតប្រជែងវិស័យឯកជនកម្ពុជា តាមរយៈការតភ្ជាប់ធុរកិច្ចជាមួយអាល្លឺម៉ង់ ការគាំទ្រការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

កិច្ចប្រជុំដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២ ត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II​ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើសេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង និងផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦។  កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ ៥០ រូប។

​ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថា គម្រោង ICONE ដំណាក់កាលទី២ ដែលនឹងអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ការណ៍នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕

អត្ថបទ៖khmerhome

RELATED ARTICLES

មជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា ចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍសមត្ថភាពស្ថាប័នថ្មី ដើម្បីពង្រីកសេវាលើកកម្ពស់ផលិតភាពក្នុងស្រុក
Fri, 24 Jul 2026
ធុរកិច្ចអាម៉េរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មានដោយផ្ទាល់អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគ និងធុរកិច្ចពីអាម៉េរិក​បន្ថែមទៀត ខណៈទុនវិនិយោគពីអាម៉េរិកបានកើនដល់ប្រមាណ ១ប៊ីលានដុល្លារ
Fri, 24 Jul 2026
កម្ពុជារៀបចំកិច្ចប្រជុំច្រកចេញ-ចូលតែមួយលើកទី៧ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគទុនវិនិយោគសរុបប្រមាណ ៩៥លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៣.៥០០កន្លែង
Fri, 24 Jul 2026