Register Already an agent ? Login

កម្ពុជា រកចំណូលបាន ២៣៩លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូ កើនឡើង ៦៦%

ភ្នំពេញ៖ វិស័យកៅស៊ូកម្ពុជាកំពុងបង្ហាញសន្ទុះកំណើនគួរឱ្យកត់សម្គាល់លើឆាកអន្តរជាតិ ដោយក្លាយជាទំនិញនាំចេញដ៏មានសក្ដានុពល ស្ទើរតែឈរស្មាស្មើនឹងវិស័យកាត់ដេរ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងខែមករាឆ្នាំ២០២៦ តែមួយខែប៉ុណ្ណោះ កម្ពុជារកចំណូលបាន ២៣៩លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូ កើនឡើង ៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

កំណើនដ៏រឹងមាំនេះ គឺជាលទ្ធផលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកៅស៊ូប្រកបដោយចីរភាព។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង ៤២៥,០០០ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង ៣៣០,០០០ ហិកតា (ប្រមាណ ៧៨% នៃផ្ទៃដីសរុប)។ សម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៥ (មករា-កញ្ញា) ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូរបស់កម្ពុជា សម្រេចបានជាង ៥៤៩លានដុល្លារ កើនឡើង ៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា ថ្វីដ្បិតតែបរិមាណនាំចេញជ័រកៅស៊ូសុទ្ធមានការថយចុះប្រមាណ ១១.៤% ក៏ដោយ ក៏តម្លៃនាំចេញសរុបបានកើនឡើងខ្ពស់ ដោយសារតែតម្លៃជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ តម្លៃជាមធ្យមបានកើនដល់ ១,៩២៣ដុល្លារក្នុងមួយតោន កើនឡើង ៣២.៧% ធៀបនឹងឆ្នាំ២០២៤ ។

ចំណុចសំខាន់ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា គឺការវិនិយោគលើឧស្សាហកម្មកែច្នៃធុនធ្ងន់។ បច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ កំពុងដំណើរការ នៅខេត្តស្វាយរៀង ព្រះសីហនុ និងក្រចេះ  ហើយកំពុងរៀបចំដំឡើងបន្ថែមទៀតចំនួន ៣រោងចក្រ ។

ការវិនិយោគនេះបានធ្វើឲ្យការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥ មានតម្លៃដល់ទៅជាង ១,០៩ពាន់លានដុល្លារ កើនឡើង ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបង្ហាញថាកម្ពុជាកំពុងផ្លាស់ប្តូរពីការនាំចេញវត្ថុធាតុដើម មកកាន់ការនាំចេញផលិតផលសម្រេចដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ។

ជាមួយគ្នានេះ លោក ឃុន កក្កដា អគ្គនាយករងអគ្គនាយកដ្ឋានកៅស៊ូ បានវាយតម្លៃថា ខ្សែច្រវាក់តម្លៃកៅស៊ូរបស់កម្ពុជា មានដំណើរការល្អ មិនទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ខណៈដែលប្រទេសផលិតកៅស៊ូធំៗក្នុងតំបន់ដូចជាថៃ កំពុងជួបបញ្ហាទឹកជំនន់ ។ នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រីកចំណែកទីផ្សារបន្ថែមទៀត និងបន្តពង្រឹងជំហរជាប្រទេសផលិត និងនាំចេញកៅស៊ូដ៏សំខាន់មួយរបស់ពិភពលោក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)