Register Already an agent ? Login

ត្រីមាសទី១ឆ្នាំ២០២៤ CDC បានគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ទុន២,២ពាន់លានដុល្លារ

ភ្នំពេញ៖ ត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មសរុបចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ បង្កើតការងារជាង ១០ម៉ឺនកន្លែង។ បើតាមការលើកឡើង លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។

តាមការលើកឡើង លោក សរ សិនិរ៉ា ជាតំណាងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយក្រុមគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

លោក សរ សិនិរ៉ា បានបន្តថា កំណើននេះ បើគិតជាភាគរយធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣គឺស្មើនឹង៦៤៩% ដោយបានគូសបញ្ជាក់ថា កំណើនយ៉ាងគំហុកនេះ គឺដោយសារការវិនិយោគក្នុងគម្រោងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស។ 

លោក សរ សិនិរ៉ា បានរម្លឹកថា ក្នុងឆ្នាំ២០២៣ មានគម្រោងសរុបចំនួន ២៤៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២១គម្រោង ក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលទុនវិនិយោគសរុបនៃគម្រោងទាំងនេះមានចំនួន ៤,៩ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២។

អគ្គលេខាធិការរង បានបញ្ជាក់បន្ថែមផងដែរថា កត្តាចម្បងដែលធ្វើឱ្យកម្ពុជាទទួលបានទំនុកចិត្តពីវិនិយោគិនបរទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលកន្លងមក គឺស្ថេរភាពនយោបាយ, ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច, ក្របខណ្ឌគតិយុត្តស្តីពីវិនិយោគមានលក្ខណៈបើកចំហរខ្លាំង និងរបបនៃការលើកទឹកចិត្តវិនិយោគមានលក្ខណៈអំណោយផល។

ខណៈ កម្ពុជាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឥតឈប់ឈរ ដើម្បីប្រសិទ្ធភាពនៃការតភ្ជាប់និងការសម្រួលដល់ប្រព័ន្ធដឹកជញ្ជូន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបើកច្រកទីផ្សារថ្មីៗសម្រាប់ទំនិញកម្ពុជា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់និងទ្វេភាគី ក៏ដូចជាកត្តាដែលកម្ពុជាមានប្រជាជនវ័យក្មេងភាគច្រើន។ល។ ជាការបន្ថែមទៀត អគ្គលេខាធិការរង។

មន្រ្តីជាន់ខ្ពស់រូបនេះ បានលើកឡើងទៀតថា ក៏ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាពិសេសនោះ គឺប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានអនុវត្តសកម្មភាពដើរគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់ និងជាបន្តបន្ទាប់ នៅបណ្តាប្រទេសជាគោលដៅយុទ្ធសាស្ត្រជាច្រើននាពេលកន្លងមកដែលការណ៍នេះផ្តល់នូវភាពកក់ក្តៅយ៉ាងពិសេសដល់វិនិយោគិន។

នាឱកាសនោះ លោកបណ្ឌិត JINHO CHOI បានសំដែងការសាទរ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សនៅក្រោយវិបត្តិកូវីដ-១៩ និងក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនិងសង្គ្រាម តាមរយៈការដាក់ចេញនូវវិធានការមុតស្រួច ដើម្បីទាក់ទាញ និងថែទាំវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចជាតិ និងវិបុលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក បានបន្តថា ជាក់ស្តែងខ្លឹមសារនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ត្រូវបានរំលេចនៅក្នុង របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់កម្ពុជាជារៀងរាល់ឆ្នាំ ជាពិសេសឆ្នាំ២០២៣ កន្លងទៅផងដែរ។

គួរបញ្ជាក់ថា លោកបណ្ឌិត JINHO CHOI ប្រធានក្រុមសេដ្ឋវិទូ បានធ្វើបេសកកម្មស្វែងយល់អំពីស្ថានភាពនៃ     ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០២៣និងដើមឆ្នាំ២០២៤នេះ ក៏ដូចជាស្វែងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនាពេលបច្ចុប្បន្ននិងទៅអនាគត បន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)