
ភ្នំពេញ៖ រយៈពេល ២ខែដើមឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន មានទឹកប្រាក់សរុប ៣២៥,៦៥លានដុល្លារ កើន ៩,៣% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២៩៨,០៦លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងចំនួននេះ កម្ពុជានាំទៅជប៉ុន ២៣៧,២២លានដុល្លារ កើន ១៥,៣% ខណៈ ទំនិញជប៉ុននាំមកកម្ពុជា ៨៨,៤៣លានដុល្លារ ថយចុះ ៤,៣%។ បើតាមការបញ្ជាក់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ផ្អែកតាមតួលេខខាងលើប្រទេសជប៉ុន ជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក និងថៃ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឧត្តមភាព ១៤៨,៧៩លានដុល្លារ កើនពី ១១៣,២៤លានដុល្លារ ២ខែឆ្នាំ២០២៣។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន គឺមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល រីឯ ជប៉ុននាំចូលមកវិញរួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក។
បើតាម លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ភ្នំពេញប៉ុស្តិ៍បានស្រង់សំដី ថាបន្ទាប់ពីចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ ធ្លាក់ចុះមួយរយៈដោយសារឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល នៅពេលនេះការធ្វើពាណិជ្ជកម្មអន្តរជាតិបានចាប់ផ្តើមមានសម្ទុះឡើងវិញជាបណ្តើរៗ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា។
លោក បានបន្តថា បច្ចុប្បន្ន កម្ពុជាបាននាំទំនិញទៅជប៉ុនដែលភាគច្រើន ជាផលិតផលវាយនភណ្ឌ គ្រឿងបង្គុំអេឡិចត្រូនិក និងកសិកម្ម។ តាមរយៈការកើនឡើងនៃកម្លាំងផលិតកម្ម និងគុណភាពផលិតផលកម្ពុជា យើងរំពឹងការនាំទំនិញទៅប្រទេសជប៉ុននឹងមានចំនួនច្រើនបន្ថែមទៀត។
កន្លងមកផ្នែកឯកជននៅកម្ពុជាដែលតំណាងដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ក៏បានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងតំបន់សេនដាយ ប្រទេសជប៉ុន ដើម្បីធ្វើជាកន្លែងសម្រាប់ផ្តល់ និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងបង្កើនភាពទាក់ទាញជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាការបន្ថែម លោក លឹម ហេង ដោយរំពឹងថា អាចទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលវិនិយោគនៅកម្ពុជាកាន់តែច្រើន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)