
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយគាំទ្រដល់អាជីវកម្មតូចតាចដែលមានកម្រិតផលរបរក្រោម ២៥០លានរៀល (ក្រោមផលរបរ អ្នកជាប់ពន្ធតូច) ដែលភាគច្រើនគឺជាអាជីវកម្មមានលក្ខណគ្រួសាររបស់ប្រជាពលរដ្ឋ ពោលគឺអាជីវកម្មទាំងនេះមិនតម្រូវឱ្យបង់ពន្ធអាករ អ្វីនោះទេ។ ជាការលើកឡើង អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។
តាមការលើកឡើងរបស់ លោក អេង រតនា ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ កាតព្វកិច្ចសារពើពន្ធ របស់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
ជាមួយគ្នានេះ អាជីវកម្មដែលមានកម្រិតផលរបរចាប់ពី ២៥០ លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យ ប្រកាសនៅរដ្ឋបាលសារពើពន្ធ ដោយត្រូវបានកំណត់បែងចែកជាអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ផ្អែកលើផលរបរ ទ្រព្យសកម្ម និងទ្រង់ទ្រាយគតិយុត្តជាដើម។ ជាការលើកឡើងបន្ត លោក អេង រតនា។
បើតាម ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ បានបន្ថែមថា បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស អ្នកជាប់ពន្ធមានកាតព្វកិច្ចកាន់កត់ត្រាបញ្ជីគណនេយ្យ ដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធអាករប្រចាំខែនិងប្រចាំឆ្នាំ ជូនដំណឹងមករដ្ឋបាលសារពើពន្ធ នៅពេលដែលមានការផ្លាស់ប្តូរព័ត៌មានសហគ្រាសព្រមទាំងកាតព្វកិច្ចសារពើពន្ធផ្សេងទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារជាធរមាន។
លោក បានបញ្ជាក់ផងដែរថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវទទួលខុសត្រូវចំពោះការគណនា ប្រកាសនិងបង់ប្រាក់ពន្ធអាករផ្សេងៗដោយខ្លួនឯងប្រកបដោយ ភាពស្មោះត្រង់ ក្នុងករណីរដ្ឋបាលសារពើពន្ធរកឃើញពីការធ្វេសប្រហែសក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធតាមយន្តការសវនកម្ម អ្នកជាប់ពន្ធត្រូវប្រឈមនឹងទណ្ឌកម្មរដ្ឋបាល ដែលមានពន្ធបន្ថែម និងការប្រាក់ជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)