Register Already an agent ? Login

ចំណុចសំខាន់ៗ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវយកចិត្តទុកដាក់ ក្នុងការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ភ្នំពេញ៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ សម្រាប់ឆ្នាំជាប់ពន្ធ២០២៣ ពោលគឺជាថ្ងៃកាលបរិច្ឆេទចុង។

ដើម្បីបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា អ្នកជាប់ពន្ធ ព្រមទាំងភ្នាក់ងារសេវាកម្មពន្ធដារត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ (Tax on Income-Tol e-Filing) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្តីណែនាំលេខ ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវដាក់ លិខិតប្រកាសនិងបង់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

២. សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំយ៉ាងយឺតបំផុតក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។

៣. សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថាន ជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាសត្រូវប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូល និងចំណាយ ព្រមទាំងតារាង ទ្រព្យសកម្មរយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក “សាខាសហគ្រាសក្នុងស្រុក”។ ៤. ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំជំនួសអ្នកជាប់ពន្ធត្រូវភ្ជាប់ (Upload) ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិកចំពោះបុគ្គលិកក្រុមហ៊ុន ឬលិខិតប្រគល់ សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។

៥. គ្រប់សហគ្រាសទាំងអស់ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវភ្ជាប់ (Upload) ចូលទៅ ក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)។

៦. អ្នកជាប់ពន្ធតូច អាចប្រើប្រាស់កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App) សម្រាប់ដាក់លិខិត ប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំបាន។

ចំពោះ ការខកខានមិនបានបំពេញកាតព្វកិច្ច ឬមិនបានបំពេញកាតព្វកិច្ចសារពើពន្ធទាន់ពេលវេលាកំណត់ ត្រូវចាត់ទុកថាបានប្រព្រឹត្តអំពើ រាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ ដោយអ្នកជាប់ពន្ធត្រូវទទួលទណ្ឌកម្មរដ្ឋបាល និងទោសទណ្ឌផ្សេងទៀតស្របតាមច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)