Register Already an agent ? Login

ព្រលានយន្តហោះថ្មី នឹងក្លាយជាសក្ដានុពលស្រូបទាញដ៏ខ្លាំងក្លា ទាក់ទាញវិនិយោគិនមកកម្ពុជា រីកចម្រើនសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ជាចលនការធំមួយសម្រាប់ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ អាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាកាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ។ ជាការថ្លែង សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

ចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងបន្តថា ព្រលានយន្តហោះថ្មីនេះវានឹងផ្ដល់ផលទៅប៉ែកនិរតីប្រទេស ដែលសមិទ្ធផលនៅ ទីនេះវាជានិមិត្តរូបនៃការរីកចម្រើន ហើយព្រលានយន្តហោះថ្មីនេះវាជាចលនការធំមួយសម្រាប់ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋ។

ព្រលានយន្តនេះផ្ដល់ផលឱ្យប្រជាពលរដ្ឋទទួលបាននូវចំណូល ផ្ដល់ផលឱ្យវិស្វកររបស់យើងអាចបង្កើននូវសមត្ថភាពក្នុងការបង្កើតសមិទ្ធិធំៗបានថែមទៀត បង្កលក្ខណៈឱ្យវិស័យឯកជនមានឱកាសការងារ និងចំណូលថែមទៀតនៅថ្ងៃអនាគតតាមរយៈការបើកប្រតិបត្តិការកាន់តែទូលំទូលាយ។ បើតាមការបន្តទៀត សម្ដេចធិបតី។

ព្រលានយន្តហោះថ្មីនេះ នឹងគាំទ្រដល់ការរីកចម្រើនខាងវិស័យទេសចរណ៍ ហើយវិស័យទេសចរណ៍គឺត្រូវការការរីកចម្រើននៃព្រលានយន្តហោះ។ ជាការគូសបញ្ជាក់ ប្រមុខរាជរដ្ឋាភិបាល បានបន្តថា វិស័យអាកាសចរណ៍គឺទាញទេសចរណ៍ពីក្រៅប្រទេសមក ហើយភ្ជាប់ទៅតាមបណ្ដាខេត្ត នេះហើយបានជាមានទេសចរបរទេសទៅលេងដល់បាត់ដំបង សំឡូត ប៉ៃលិន។ល។ អញ្ចឹងវិស័យទេសចរណ៍ធំណាស់គឺ វាបានផ្តល់ផលទៅដល់គ្រប់ផ្នែក គ្រប់វិស័យ ដែលជាប្រភពចំណូលដល់ប្រជាពលរដ្ឋ វាជាខ្សែសង្វាក់នៃផលិតកម្មរបស់យើង។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ ក្នុង១ឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុង១ឆ្នាំ។

សម្តេចធិបតី បានឱ្យដឹងថា កម្ពុជានិងអូស្រ្តាលី បានចុះហត្ថលេខាជាមួយគ្នាបើកច្រកជើងហោះហើរត្រង់រវាងកម្ពុជា និងអូស្រ្តាលី ដោយមិនចាំបាច់ប្តូរជើងហោះហើរនៅប្រទេសផ្សេងឡើយ និងបានចរចាជាមួយ ឥណ្ឌា, ឥណ្ឌូនេស៊ី, ហ្វីលីពីន និងប្រទេសជាច្រើនទៀត ដើម្បីបើកឱ្យមានដំណើរការហោះហើរត្រង់ ទៅមករវាងកម្ពុជា ជាមួយនឹងបណ្ដាប្រទេសទាំងនោះ។

គូសបញ្ជាក់ថា អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិ​ថ្មីនេះ ជាគម្រោងដ៏ធំសម្បើមនៅក្នុងប្រទេសកម្ពុជានេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លាន​ដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារ នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)