Register Already an agent ? Login

សេដ្ឋកិច្ចរបស់កម្ពុជាប្រឹងឈានទៅមុខ ខណៈដែលនៅមានបញ្ហាប្រឈមក្នុងស្រុក និងក្រៅស្រុក

ភ្នំពេញ៖ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករទុកថា​នឹង​មាន​កំណើន៥,៤% នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ជា​កម្រិត​ទាប​ជាង​បន្តិច​ពី ៥,៥% ដែល​ត្រូវ​បាន​ព្យាករទុក​កាល​ពីខែ​ឧសភា​កន្លងទៅ និងឡើងដល់​ ៥,៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានាដែល​កម្ពុជា​មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។ នេះបើតាម​របាយ​ការណ៍​ចុង​ក្រោយ​ ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា​ដោយ ធនាគារពិភពលោក។

នៅក្នុង​ឆ្នាំនេះ កត្តា​រួមផ្សំ​រវាង​សម្ពាធ​ពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធ​លើ​កំណើន​ ទោះបីជាមាន​ការ​ងើបឡើងវិញ​ក្នុង​វិស័យទេសចរណ៍ និង​សេវាដទៃទៀត។ នៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជាចុង​ក្រោយ​ក្រោម​ចំណងជើងថា ​​ Cambodia Economic Update: From Recovery to Reform, ធនាគារពិភពលោក​និយាយថា ប្រសិន​បើ​ការកែទម្រង់​រចនាសម្ព័ន្ធ​ដើរ​អម​គ្នា​ជាមួយ​ការវិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​កាលានុវត្តភាពពាណិជ្ជកម្ម នោះ​វា​នឹង​នាំ​ឱ្យ​កំណើន​បន្ត​បង្កើន​ល្បឿន​នៅ​ក្នុង​រយៈពេលមធ្យម និង​វែង។ នៅ​ក្នុង​ឆ្នាំ​២០២២ សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​កំណើន ៥,២%។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “ដើម្បីរក្សា​​បាន​នូវ​កំណើន​សេដ្ឋកិច្ច កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យឯកជនឱ្យ​​បំពេញ​មុខ​ងារ​ជា​ក្បាលម៉ាស៊ីន​កំណើន​មួយ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​​សកម្មភាព​ភ្លាមៗក្នុង​ការ​កែលម្អ​ការបំពេញកិច្ច​របស់​វិស័យ​សា​ធារ​ណៈ”។ លោកស្រី​ពោលបន្ថែមទៀតថា៖ “​ការ​រក្សា​ស្ថេរភាពហិរញ្ញវត្ថុ​ក៏ជា​អាទិភាពមួយដែរ ហើយ​ ចាំ​បាច់​ត្រូវ​តែ​ខិតខំ​ថែម​ទៀត​ក្នុង​​ស្តារលំហ​សារពើពន្ធឡើងវិញ។”

បើទុកជាមានការវិនិយោគច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារ​ណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូន​និង​ប្រព័ន្ធឡូហ្ស៊ីស្ទិក ដែលសមត្ថភាពនៅ​មានកម្រិត​ និង​ការផ្គត់ផ្គង់​ថាមពលដែលពិបានទុកចិត្តបាន នៅ​តែ​បន្ត​ជា​បន្ទុកខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច និង​របស់​អ្នក​ប្រើ​ប្រាស់​ទូទៅ។ នៅ​ក្នុង​រយៈពេលមធ្យម វិបត្តិខាងក្រៅ​​ដែលមាន​ក្នុង​ពេល​តែមួយ​រួមបញ្ចូល ការ​រាតត្បាត​ជំងឺ​ជា​សកល, សង្គ្រាមលុកលុយ​របស់​ប្រទេស​រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន, និង​អត្រា​ខ្ពស់​របស់​ការ​ប្រាក់លើទីផ្សារ​អន្តរជាតិ ត្រូវ​បាន​រំពឹង​​ថា​នឹង​នៅ​តែ​បន្ត​​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ហើយទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូល ប្រទេសវិញ​ជាហូរហែក៏ដោយ ប្រាក់ចំណូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយ​ចំនួន នៅ​តែ​មាន​ចំនួន​ទាបជាងកម្រិតមុនការផ្ទុះ​ជំងឺ​រាតត្បាតនៅឡើយ​។ ការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេច បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញ​អំពី​តម្រូវការទាប​នៅលើទីផ្សារពិភពលោក។ ជាលទ្ធផល ការងារនៅ​ផ្នែកឧស្សាហកម្ម​ផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើ​អន្តរាគមន៍​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការ​ងារ។

ឆ្ពោះទៅមុខ កំណើនសេដ្ឋកិច្ចអាចនៅ​តែ​រងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភពលោក ឬពីការឡើង ថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារឡើងវិញ។ នៅ​ក្នុងស្រុក ការកើនឡើងនៃ​បំណុលគ្រួសារ និងឥណទាន ក្នុងស្រុកនៅ​ក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។

របាយការណ៍នេះ​ មាន​ផ្នែក​ផ្តោតពិសេសមួយ ដែលគូសរំលេចអំពីកំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យ មានកំណើន​ប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ​។ កំណែទម្រង់នោះរួមមាន ការកែលម្អបរិយា កាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់​កម្លាំងពលកម្ម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

ក្រសួងកសិកម្ម នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា
Thu, 01 Oct 2026
សម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ ទទួលបានក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារ ដល់ ២៤២,៥ដុល្លារក្នុងមួយខែ
Thu, 01 Oct 2026
ទីផ្សារមូលបត្រកម្ពុជា រំពឹងប្រមូលមូលធនបាន ១ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦ ខណៈទំហំជួញដូរប្រចាំថ្ងៃកើនដល់ជិត ២លានដុល្លារ លើសការរំពឹងទុក
Thu, 01 Oct 2026