Register Already an agent ? Login

កម្ពុជា ទទួលចំណូលពីការនាំនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូជិត ៩០លានដុល្លារ ត្រីមាសទី១ឆ្នាំ២០២៣

ភ្នំពេញ៖ ​ត្រីមាស​ទី​១ ឆ្នាំ២០២៣ កម្ពុជា​ប្រមូលប្រាក់​បាន ៨៩ ៥៥៦ ១០០​ដុល្លារ ​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូទៅទីផ្សារអន្តរជាតិ ​ក្នុងនោះ​ការនាំ​ជ័រកៅស៊ូ​ចេញ​មាន​បរិមាណ​ ៦៥ ៩២១​តោន កើនឡើង ៤ ១៨២តោន ​(​ស្មើ ៦,៨%​)​ បើ​ធៀបនឹង​ត្រីមាស​ទី​១ ឆ្នាំ២០២២ ដែលមាន​ទឹកប្រាក់ ៨៩ ០៧៥ ៨៣៩ដុល្លារ និង​ការនាំចេញ​ឈើ​កៅស៊ូបាន ៤៨០ ២៦១​ ដុល្លារ ​(២ ៣០៦​ ម៉ែត្រគុប​)​។​ របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ។

ទីផ្សារ​កៅស៊ូ​កម្ពុជា ​ពឹងផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ដូច្នេះ​បើ​ទីផ្សារ​អន្តរ​ជាតិ​មាន​ស្ថានភាព​មិនល្អ វា​ក៏​ធ្វើឱ្យ​តម្រូវការនិង​តម្លៃ​ធ្លាក់ចុះ​ដែរ​។ បើតាមការលើកឡើងរបស់ លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ បានបន្តថា ជាក់ស្តែង​ភាពមិនប្រាកដ​ប្រជា​នៃ​កំណើនសេដ្ឋកិច្ច​ពិភព​លោក​នាពេលនេះ គឺ​បានធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ជ័រកៅស៊ូ​មិនមាន​ច្រើន​ដូច​នៅពេល​មុន​ឡើយ​។

លោក បានបន្តទៀតថា ការធ្លាក់ចុះ​តម្លៃ​កៅស៊ូ មួយរយៈ​នេះគឺ​ដោយសារតែ​កត្តា​មួយចំនួន​ដូចជា កម្ពុជា​ពឹងផ្អែក​លើ​ទីផ្សារ​នាំចេញ​ដែល​កំពុងមាន​និន្នាការ​ធ្លាក់ចុះ ​(​តម្រូវការ​តិចជាង​មុន​) ការដំឡើង​អត្រា​ការ​​ប្រាក់​របស់​អាមេរិក​ក្នុងន័យ​រឹត​បន្តឹង​ចរាចរណ៍​ប្រាក់​ដុល្លារ​ បញ្ហា​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន ព្រម​ទាំង​បញ្ហា​មួយចំនួនទៀត​។​

លោក បានបន្ថែមថា ដោយសារ​មិនសូវមាន​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក គឺ​ភាគច្រើន​ផល​ជ័រកៅស៊ូ​ដែល​ប្រមូលបាន​ត្រូវ​ឈ្មួញ​នាំយកទៅ​ប្រទេស​មួយចំនួន​ដូចជា វៀតណាម ចិន កូរ៉េ ម៉ាឡេស៊ី សិង្ហ​បុរី ជប៉ុន និង​សហគមន៍​អឺ​រុ​ប ជាដើម​។​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ស្ថានភាព​ការដាំដុះ និង​ពង្រីក​ផ្ទៃដី​ថ្មី​ដាំ​កៅស៊ូ​នៅ​កម្ពុជា គឺមាន​តិចតួច​បំផុត​។

សូមរម្លឹកថា គិត​ត្រឹម​ចុងឆ្នាំ​២០២២ ​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ មាន​ចំនួន ៣១៥ ៣៣២​ហិកតា ស្មើ ៧៨% និង​ផ្ទៃដី​ថែទាំ​ចំនួន ៨៩ ២៤៦​ហិកតា ស្មើនឹង ២២%​។ ក្នុង​ឆ្នាំ២០២២ ទឹកប្រាក់​បាន​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ មាន​សរុប ៥៣១ ៨៦៣ ៨៤២​ដុល្លារ ក្នុងនោះ​ជ័រកៅស៊ូចំនួន ៥២៧ ៧៧៤ ៥៦៩​ដុល្លារ និង​ឈើ​កៅស៊ូ ៤ ០៨៩ ២៧៣ដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)