Register Already an agent ? Login

ត្រីមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានទឹកប្រាក់ជិត ៣ពាន់លានដុល្លារ ធ្លាក់ចុះ ០,៤%

ភ្នំពេញ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីកម្ពុជា-ចិន នៅ​ក្នុង​ត្រី​មាស​ទី១ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ២,៨៦២.៤១៥លាន​ដុល្លារ ធ្លាក់ចុះ ០,៤% បើធៀបទៅនឹងឆ្នាំ២០២២ មាន​ចំនួន ២,៨៧៣.៤៣១​លាន​ដុល្លារ​។ បើយោងតាមតារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

តារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជ​កម្ម​ទំនិញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបន្តថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​ទឹកប្រាក់​សរុប ៣២៨.៦៤៦​លាន​ដុល្លារ កើន ២,១% ​បើ​ធៀប​នឹង​ឆ្នាំ២០២២ ​ដែលមានចំនួន​ ៣២១.៧៨៧លាន​ដុល្លារ​។ ខណៈ ទំនិញ​ដែល​នាំ​មកពី​ប្រទេស​ចិន​មាន​ទឹកប្រាក់​រហូតដល់ ​២,៥៣៣.៧៧​លាន​ដុល្លារ ធ្លាក់ចុះ​ ០,៧% បើធៀបនឹងឆ្នាំ២០២២ មាន​ចំនួន ២,៥៥១.៦៤៤​លាន​ដុល្លារ​។​

ដោយឡែក ​ក្នុង​ខែមីនា ឆ្នាំ​២០២៣ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មានតម្លៃ​សរុប ១,១៥៧.១១៩លាន​ដុ​ល្លារ ​(​កម្ពុជា​នាំទៅ​ចិន ១៣០.៥៨៣​លាន​ដុល្លារ កើន ១៦,៤% និង​ចិន​នាំមក​កម្ពុជា ១,០២៦.៥៣៦​លាន​ដុល្លារ​ កើន ៣៦,៤%​) កើនឡើង ៣៣,៧៧៦% ​ធៀបនឹង​ខែមីនា ឆ្នាំ២០២២ ដែលមាន​ចំនួន ៨៦៤.៩៦២​លាន​ដុល្លារ ហើយ​បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ២០២៣ គឺ​កើន ៥៧,៩៥៥% ​ប្រមាណ ៧៣២.៥៦១លាន​ដុល្លារ​។ បើតាមតារាងស្ថិតិដដែល។

​បើតាមភ្នំពេញប៉ុស្តិ៍ ដែលបានស្រង់សំដី លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាថា ប្រទេស​ចិនគឺជា​ប្រភព​ផ្គត់​​ផ្គង់​វត្ថុធាតុដើម​ដ៏​សំខាន់​ឱ្យ​កម្ពុជា​យកមក​ធ្វើជា​គ្រឿងផ្សំ ឬ​កែច្នៃ​ជា​ផលិត​ផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​ដាក់លក់​លើ​ទីផ្សារ​អន្តរជាតិ​។ លោក បានបញ្ជាក់ថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ការនាំ​ចូល​ពី​ចិន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី​១ គឺ​ដោយសារតែ​ការបញ្ជាទិញ​ពី​ទីផ្សារ​អន្តរជាតិ​ធ្លាក់ចុះ​។

ទោះយ៉ាងណា​ស្ថានភាព​នេះ​បាននិងកំពុង​វិ​វត្ត​ទៅរក​សញ្ញា​វិជ្ជមាន​វិញ​ហើយ ខណៈ​ចាប់តាំងពី​ខែកុម្ភៈ​មក​រដ្ឋាភិបាល​ចិន​បានប្រកាស​បើក​ប្រទេស និង​អនុញ្ញាតឱ្យ​អ្នកទេសចរ និង​អ្នកវិនិយោគ​របស់ខ្លួន អាច​ចេញទៅ​ក្រៅប្រទេស​បាន​។​ បើតាមការលើកឡើងបន្តរបស់ លោក ហុង វណ្ណៈ បានបន្ថែមថា ដោយសារ​ប្រទេស​ចិន​នៅ​ជិត​កម្ពុជា ហើយ​កម្ពុជា​កំពុង​ផលិត​កសិផល​បាន​កាន់តែច្រើន​ដូច្នេះ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ចិន នឹង​កើនឡើង​បន្ថែមទៀត​។​

សម្រាប់​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន នា​រយៈពេល​ចុង​ក្រោយនេះ គឺ​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​បណ្តើរៗ​ហើយ បន្ទាប់ពី​ប្រទេស​ចិន​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ពី​ការបិទ​ខ្ទប់​។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បានបន្តថា ភាពល្អប្រសើរ​នៃ​កំណើន​ពាណិជ្ជកម្ម​នា​រយៈពេល​ចុងក្រោយ​នេះ ក៏​ដោយសារ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​ការទូត​ល្អជា​មួយ​គ្នា ខណៈ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) ដែល​ប្រទេស​ទាំងពីរ ជា​សមាជិកគឺ​សុទ្ធតែ​ចូល​ជា​ធរមាន​ទាំងអស់​។

លោក លឹម ហេង បានបញ្ជាក់ថា តាមរយៈ​ភាព​មមាញឹក​ជាង​មុន​នៃ​សកម្មភាព​ផ្លាស់​​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ​នាពេល​ថ្មីៗ​នេះ ខ្ញុំ​ជឿថា ចាប់ពី​ត្រីមាស​ទី​ ២ នេះ​ទៅ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​បន្ត​កើន​ឡើងជា​លំដាប់​។ បន្ថែម​ពីលើ​នេះ​វិវាទ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ធំៗ ក៏​ជា​ឱកាស​ដែល​កម្ពុជា​អាច​ទទួលបាន​រោងចក្រ​/​សហគ្រាស​កាន់តែច្រើន​ចូលមក​បើក​ដំណើរការ​ដោយផ្ទាល់​ផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)