Register Already an agent ? Login

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចចរចាជុំទី២ លើកិច្ចព្រមព្រៀងការចៀសវាងការយកពន្ធត្រួតគ្នា

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានបើកកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ កាលពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ បានបញ្ចប់ហើយ។ ដោយឡែកចំណុចនៅសេសសល់​ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។ បើតាមការជូនដំណឹងរបស់ ​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។

លោក សេង ជា​សិទ្ធ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​គោលនយោបាយ​សារពើពន្ធ និង​សហប្រតិបត្តិការ​ពន្ធដា​រ​អន្តរ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ខាងភាគី អេមីរ៉ាតអារ៉ាប់រួម លោក Hamid Nasr Mohamed ទីប្រឹក្សានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដឹកនាំមន្រ្តីជំនាញចូលរួមក្នុងនាមជាម្ចាស់ផ្ទះ។

លោក សេង ជា​សិទ្ធ បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ចខិតខំ​របស់​ក្រសួង​ហិរញ្ញវត្ថុ​នៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដើម្បី​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ចរចា DTA ជុំ​ទី​២ នេះ ជា​លក្ខណៈ​រូបវន្ត​នាពេលនេះ​។ លោក បានបន្តថា ភាគី​ទាំង​ពីរ ​បាន​ពិភាក្សា​លម្អិត​លើ​គ្រប់​មាត្រា​ទាំងអស់ ដែល​នៅសល់​ពី​ការចរចា​ជុំ​ទី​១ និង​ជា​លទ្ធផលបាន​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ជាច្រើន​ដែល​ក្នុងនេះ មាត្រា​ចំនួន២៤ ក្នុងចំណោម​មាត្រា​សរុប​ចំនួន៣១ ត្រូវបាន​ឯកភាព​ទាំងស្រុង

លោក បានបន្ថែមថា ដោយឡែក​សម្រាប់​មាត្រា និង​ចំណុច​ដែល​នៅសេសសល់ ភាគី​ទាំងពីរ​នឹង​បន្ត​ពិភាក្សា និង​ស្នើសុំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន​បន្ថែមទៀត ដើម្បី​ឈានទៅ​បញ្ចប់​ការចរចា ទាំងស្រុង​ឱ្យបាន​ឆាប់​។​

សូមរម្លឹកថា ភាគីទាំងពីរ បានចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ កាលពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០២១។

កាលពីថ្មីៗនេះ កាលពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣​ កម្ពុជា និង​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ទើបតែ​បានប្រកាស​រួមគ្នា​អំពី​ការបញ្ចប់​ការចរចា​ផ្លូវការ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​(Cambodia-UAE CEPA) តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយមាន​វត្តមាន​ចូលរួម​ពី​ប្រធាន​ក្រុម​ចរចា​, តំណាង​ក្រុមការងារ​ចរចា និង​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ភាគី​ទាំងពីរ​។​

កិច្ចព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​នេះ​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ​, វិធាន​ដើមកំណើត​ទំនិញ​, នីតិវិធី​គយ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​, អនាម័យ​និង​ភូតគាម​អនាម័យ​, របាំង​បច្ចេកទេស​ពាណិជ្ជកម្ម​, ឧបាស្រ័យ​ពាណិជ្ជកម្ម​, វិនិយោគ​, ពាណិជ្ជកម្ម​សេវា​, ពាណិជ្ជកម្ម​ឌីជីថល​, កម្មសិទ្ធិបញ្ញា​, កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​, សហគ្រាស​ធុន​តូច​និង​មធ្យម តម្លាភាព​, យន្តការ​ដោះស្រាយ​វិវាទ​, អញ្ញត្រកម្ម​, រដ្ឋបាល​កិច្ច​នៃ​កិច្ចព្រមព្រៀង និង​អវសាន​ប្បញ្ញត្តិ​។​

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ប្រទេស​ទាំង​ពីរ នឹង​អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា​ក្រោម​ក្របខ័ណ្ឌ​នេះ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​សម្រាប់​ប្រជាជន​នៃ​ភាគី​ទាំងពីរ តាមរយៈ​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ កិច្ច​សម្រួល​ពាណិជ្ជកម្ម ការជំរុញ​វិនិយោគ​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សក្តានុពល​នានា ដែលជា​កាលានុវត្តភាព​ថ្មីៗ ផ្តល់​ដោយ​អាស៊ាន និង​តំបន់​មជ្ឈិមបូព៌ា​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)