Register Already an agent ? Login

កម្ពុជា ត្រូវការថវិកាដ៏ច្រើន សម្រាប់គម្រោងប្រព័ន្ធរថភ្លើងក្រោមដី និងគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail នៅភ្នំពេញ

ភ្នំពេញ៖ ការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាក្នុងទំហំមួយយ៉ាងធំ ដែលពិតជាត្រូវការជំនួយហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន។ បើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការទូត រវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល បានលើកឡើងបន្តថា កម្ពុជាក៏កំពុងតែក្រឡេកមើលលើប្រភពហិរញ្ញប្បទានផ្សេងៗ រួមទាំង EU Global Gateway ផងដែរ។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការសិក្សាគម្រោងនេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

ក្រៅពីការជជែកពិភាក្សាអំពី វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក លោក ស៊ុន​ ចាន់ថុល ក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ ភ្ជាប់ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកឱ្យកាន់តែមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយ។

លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្នើឱ្យចក្រភពអង់គ្លេសជួយផ្ដល់សាស្ត្រាចារ្យ វគ្គបណ្តុះបណ្តាលខ្លីៗ ដោយផ្ទាល់ ឬតាមប្រព័ន្ធonline ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូល រួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

នៅក្នុងជំនួបនោះ ឯកអគ្គរាជទូត ក៏បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ ចំពោះគម្រោងនានាដែល ទេសរដ្ឋមន្ត្រី បានលើកយកមកជម្រាបជូន ហើយលោកបានឆ្លៀតយកឱកាសនេះ អញ្ជើញថ្នាក់ដឹកនាំក្រសួង ដើម្បីចូលរួមក្នុងកម្មវិធី ពិភាក្សាពិគ្រោះយោបល់អំពីគម្រោងអភិវឌ្ឍន៍មួយចំនួន ជាពិសេសលើគម្រោងសិក្សាប្រព័ន្ធដឹកជញ្ជូនសាធារណៈ MRT ក្នុងរាជធានីភ្នំពេញ ព្រមទាំងសិក្ខាសាលាអំពី «ការកៀរគរវិស័យឯកជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» (Mobilizing Private Sector for Sustainable Development in Cambodia) ដែលស្ថានទូតអង់គ្លេស គ្រោងនឹងរៀបចំនាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២៣ខាងមុខ។

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី បានឯកភាពក្នុងការចាត់តាំងថ្នាក់ដឹកនាំក្រសួង អមដោយមន្ត្រីជាន់ខ្ពស់មួយចំនួន ដើម្បីចូលរួមក្នុងកម្មវិធីខាងលើ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)